ភ្នំពេញៈ លោក សម រង្ស៊ី ដែលបាន បោះបង់ចោល តំណែង ប្រធានគណបក្សសមរង្ស៊ី ទៅទទួលយកតំណែង ប្រធានគណបក្សសង្គ្រោះជាតិ នោះ កំពុង ធ្វើនយោបាយ តាមរបៀបផ្សងព្រេង គ្មានគោលដៅច្បាស់លាស់ ទៅតាម ភាពរវើរវាយរបស់ខ្លួន ។ លោក សម រង្ស៊ី កំពុងរកវិធីសព្វបែបយ៉ាង ដើម្បីបានវិលត្រឡប់ ចូលស្រុកវិញ ប៉ុន្តែមិន ទាន់មានច្រកណាមួយ សម្រាប់លោក វិលត្រឡប់មកបន្តអាជីព នយោបាយក្នុងប្រទេសកម្ពុជា នៅ ឡើយទេ ដោយ សារតែមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១២ឆ្នាំ នៅក្នុង សំណុំរឿងដក តម្រុយបង្គោលព្រំដែន ព្រមទាំងសំណុំរឿង ក្លែងឯកសារធារណៈនិងផ្សាយព័ត៌មានមិនពិត ។
ថ្មីៗ កន្លងទៅនេះ លោក សម រង្ស៊ី ខំរកអន្តរាគមន៍ពី សហគមន៍អន្តរជាតិ ដើម្បីឲ្យមានការកែទម្រង់ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត នៅកម្ពុជានិងដើម្បីឲ្យ ខ្លួនបានវិលត្រឡប់ចូលស្រុកវិញ ។ ជាមួយគ្នានេះលោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យ ប្រធានាធិបតីអាមេរិក លោក ប៉ារ៉ាក់ អូបាម៉ា ជួយអន្តរាគមន៍ឲ្យមានការកែទម្រង់ ប្រព័ន្ធបោះ ឆ្នោតនិងកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដើម្បីឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជាបានរិះគន់ថា ការដែលលោក សម រង្ស៊ី អំពាវនាវ ឲ្យលោក បារ៉ាក់ អូបាប៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក ពិចារណា មិនមកចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី២១ នាពេលឆាប់ៗខាងមុខនេះ គឺជានយោបាយដុតផ្ទះស្ងោរពងមាន់ ទៅតាមគំនិតដ៏រាក់កំផែល របស់ខ្លួន ។ លោក សម រង្ស៊ី ខំលើកហេតុផលថា ប្រទេសកម្ពុជាបច្ចុប្បន្នមានអំពើរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ និងថាលទ្ធិ ប្រជាធិបតេយ្យ កំពុងប្រឈមនឹងគ្រោះថ្នាក់ ដែលសហរដ្ឋអាមេរិក ត្រូវតែជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាទាំងអស់នេះ ជាបន្ទាន់។ ក៏ប៉ុន្តែ ស្ថានភាពជាក់ស្តែង ក្នុងប្រទេសកម្ពុជា មិនដូចអ្វីដែលលោក សម រង្ស៊ី បានលើកឡើង ដើម្បីទាក់ទាញ ការគាំទ្រ ពីសហគមន៍អន្តរជាតិនោះទេ ព្រោះ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន មានការគោរពសិទ្ធិមនុស្សល្អប្រសើរ ហើយលទ្ធិប្រជាធិបតេយ្យកំពុងមានភាពរឹងមាំ ព្រោះប្រជាពលរដ្ឋ មានសិទ្ធិ សេរីភាព សព្វបែបយ៉ាង រីឯការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ការបោះឆ្នោតព្រឹទ្ធសភា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូច ជាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត-ក្រុង និងស្រុក-ខណ្ឌ បានប្រព្រឹត្តទៅជាបន្តបន្ទាប់ ។ ដូច្នេះអ្វីដែលលោក សម រង្ស៊ី លើកឡើង ក្នុងបំណងបង្អាក់ដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា គឺជាចេតនា បំផ្លាញផលប្រយោជន៍ជាតិ ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួន ដោយខ្វះការពិចារណា ។
កន្លងមក លោក សម រង្ស៊ី ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង ធ្លាប់បានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ផ្តាច់ជំនួយសម្រាប់ប្រទេសកម្ពុជា ដោយ មិនបានគិតថា ទង្វើរបស់ខ្លួន នាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ។ ដោយសារតែលោក សម រង្ស៊ី ធ្វើអ្វីៗ ដោយ ខ្វះការពិចារណា ដើម្បីផល ប្រយោជន៍ផ្ទាល់ខ្លួននិងផលប្រយោជន៍ គណបក្សប្រឆាំងនោះហើយ ទើបលោក សម រង្ស៊ី ពុំមានការគាំទ្រ ខ្លាំងក្លា ពីជនរួមជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេស ហើយលោក សម រង្ស៊ី ធ្វើនយោបាយចាញ់បោកគេរហូត ។ ជាក់ស្តែង ពេលនេះលោក សម រង្ស៊ី អួតអាង ថាខ្លួន ជាអ្នកស្រឡាញ់ជាតិទឹកដី ជាអ្នកស្រឡាញ់ប្រជាពលរដ្ឋ ជាអ្នក ស្រឡាញ់ លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែទង្វើរបស់មេដឹកនាំ គណបក្សប្រឆាំង រូបនេះ គឺផ្ទុយពីអ្វី ដែលខ្លួនបាននិយាយ ទាំងស្រុងតែម្តង ។ ប្រការនេះហើយទើបលោក សម រង្ស៊ី ពុំមានការគាំទ្រ ពីសហគមន៍អន្តរជាតិ ហើយ កំពុងរស់ នៅក្នុងភាពនិរទេសតាំងពីចុងឆ្នាំ២០០៩ រហូតមក និងកំពុងតែធ្វើនយោបាយតាមរបៀបផ្សងព្រេង ដោយខ្វះការពិ ចារណា ។ ការដែល លោក សម រង្ស៊ី ធ្វើនយោបាយតាមរបៀប វេចបង្វេចចេញពីផ្ទះទៅរស់នៅក្នុងខ្ទមថ្មីមួយ គឺជាទង្វើគ្មានហេតុផល ហើយនៅទីបញ្ចប់ លោក សម រង្ស៊ី ត្រូវស្តាយក្រោយ អស់មួយជីវិត ដោយសារតែ នយោបាយហក់លោត ទទឹងទទែងគ្មានទិសតំបន់របស់ខ្លួន ។
នៅក្រោយពេលដែលព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តម សីហនុ យាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី បាន សរសេរលិខិត សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងសុំអន្តរាគមន៍ ពីសម្តេចអគ្គមហាសេ នាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានចូលរួម គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព ព្រះមហាវីរក្សត្រ ។ ក៏ប៉ុន្តែ កិច្ចខំ ប្រឹងប្រែងរបស់លោក សម រង្ស៊ី ពុំបានទទួលការឆ្លើយតប ជាវិជ្ជាមានទេ ព្រោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោល សំណើរបស់ លោក សម រង្ស៊ី ដោយបានលើកហេតុផល មកបញ្ជាក់យ៉ាងសមរម្យ។ ប្រការនេះ ធ្វើឲ្យលោក សម រង្ស៊ី អស់សង្ឃឹមក្នុងការវិលត្រឡប់ មកកាន់ ប្រទេស កម្ពុជា វិញហើយព្យាយាមរកអន្តរាគមន៍ពី ប្រធានាធិបតីសហរដ្ឋអាមេរិក និងពីសហគមន៍អន្តរជាតិ ឲ្យដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ទង្វើបែបនេះមានន័យថា លោក សម រង្ស៊ី កំពុងបិទផ្លូវដោយ ខ្លួនឯងព្រោះ ប្រទេសកម្ពុជា មានឯករាជ្យនិងអធិបតេយ្យភាពពេញលេញ ពុំមានប្រទេសណាមួយ ដែលអាចជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសនេះបានឡើយ ។
អ្នកវិភាគនយោបាយឯករាជ្យបានលើកឡើងថា សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយ សំខាន់ៗ ក៏ដូចប្រទេសមហាអំណាច ធំៗបានដឹងយ៉ាង ច្បាស់ពីស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះ ឆ្នោតនៅកម្ពុជា ដូច្នេះគេមិនជឿលើ សំដីភូតភរខុសពីការពិតរបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នោះទេ ។ ម្យ៉ាងទៀតប្រទេសកម្ពុជា ក្នុងនាមជាប្រធានសមាគមអាស៊ានប្តូរវេន កំពុងតែត្រៀមធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ កំពូលអាស៊ាន លើកទី២១ ដែលមានមេដឹកនាំ កំពូលៗនៃប្រទេសមហាអំណាចនានាលើសកលលោក ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងជប៉ុន ចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នោះផងដែរ ។ ដូច្នេះលោក សម រង្ស៊ី ក្នុងនាម ជាមេដឹកគណបក្សប្រឆាំង ត្រូវបញ្ឈប់ជាបន្ទាន់ ចំពោះការធ្វើនយោបាយ តាមរបៀបដុតផ្ទះ ស្ងោរពងមាន់ ដោយត្រូវគិតគូរដល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ប្រទេសជាតិ ជាធំ ។ បើមិន ដូច្នេះទេ គណបក្សប្រឆាំងនឹងកាន់តែបាត់បង់ប្រជាប្រិយភាព ព្រោះប្រជាពលរដ្ឋអស់ជំនឿ ហើយ នយោបាយផ្សងព្រេងរបស់ លោក សម រង្ស៊ី ប្រឈម នឹងបរាជ័យជារៀងរហូត ព្រោះប្រជាពលរដ្ឋខ្មែរ មិនត្រូវការ មេដឹកនាំ ដែលបំផ្លាញប្រយោជន៍ជាតិនោះឡើយ ៕

No comments:
Post a Comment