Saturday, November 3, 2012

ស្វែង​យល់​​អំពី​​ការ​បោះឆ្នោត​​នៅ​​សហរដ្ឋអាមេរិក​ថ្ងៃទី​៦​វិច្ឆិកា​២០១២

នៅ​ថ្ងៃទី​អង្គារ​ទី៦វិច្ឆិកា​ សប្តាហ៍​ក្រោយនេះ ប្រជាពលរដ្ឋ​អាមេរិក​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ទី៤៥របស់​ ពួកគេ។ បេក្ខជន​ប្រធានាធិបតី​គឺ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា (Barack Obama) មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កំពុង​នៅក្នុង​អណ​ត្តិ​សេត​វិមាន​សព្វថ្ងៃ និង​លោក​មី​ត រ៉ូម​នី (Mitt Romney) មកពី​គណបក្ស​សាធារណៈរដ្ឋ។ នៅពេលនេះ​ការឃោសនាបោះឆ្នោត​កាន់តែ​តានតឹង និង​មមាញឹក​ខ្លាំង។

តើ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ឬ​លោ​កមី​ត រ៉ូម​នី​ដែល​នឹង​ក្លាយជា​ប្រធានាធិបតី​ទី៤៥របស់​សហរដ្ឋអាមេរិក? លទ្ធផល​នឹង​អាច​គេ​ដឹង​នៅ​យប់​ថ្ងៃទី៦វិច្ឆិកា​សប្តាហ៍​ក្រោយ​នេះហើយ។
ការប្រកួតប្រជែង​លើក​នេះ​ហាក់​កំពុងតែ​តានតឹង​ជាងពេលណាៗទាំងអស់​នៅក្នុង​ប្រវត្តិ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក។


នៅឯ​គណបក្ស​ប្រជាធិបតេយ្យ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ប៊ី​ល គ្លី​ន​តុ​ន Bill Clinton បានចេញ​មុខ​ជួយ​ឃោសនា​អោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា Barack Obama ក្នុង​ក្តី​សង្ឃឹមថា លោក​អូ​បា​ម៉ា​នឹង​អាច​បន្តកាន់កាប់​សេត​វិមាន៤ឆ្នាំ​ទៅមុខទៀត។ ចំណែក​ឯខាង​គណបក្ស​សាធារណៈរដ្ឋ​វិញ លោក​មី​ត រ៉ូម​នី Mitt Romney គឺជា​អ្នកជំនួញ ម្នាក់។ លោក​ធ្លាប់បាន​កាន់តំណែង​ជា​អភិបាលរដ្ឋ​Massachusetts (២០០៣-២០០៧)។

រូបភាព​នៃ​ការឃោសនា
សារព័ត៌​មាននៅ​សហរដ្ឋអាមេរិក​បាន​ផ្សាយ​ការសិក្សា​មួយ​ដែល​រកឃើញថា ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១២នេះ​មានតម្លៃ​រហូតដល់៦០០០លាន​ ដុល្លារ។ នេះ​គឺជា​តួលេខ​នៃ​ការចំណាយ​ទៅលើ​ការឃោសនាបោះឆ្នោត​នៃ​បេក្ខជន​ទាំងពីរ។

នៅ​សហរដ្ឋអាមេរិក ការឃោសនាបោះឆ្នោត​មិនមែន​ប្រព្រឹត្តិ​ទៅដោយ​ការផ្លាស់​ទី​នៃ​បេក្ខជន​ ប្រធានាធិបតី​និង​ការជួបជុំ​ជាមួយ​អ្នកគាំទ្រ​តែប៉ុណ្ណោះ​ទេ។ ប្រសិទ្ធិ​នៃ​ការឃោសនា​ដើម្បីអោយ​សារ និង​កម្មវិធី​នយោបាយ​ទៅដល់​អ្នកបោះឆ្នោត​នោះ គឺ​ការធ្វើ​ស្ព​ត​ពាណិជ្ជកម្ម​ចាក់ផ្សាយ​តាម​ទូរទស្សន៍។ នៅពេលនោះ​ហើយ​ដែល​ការចំណាយ​សម្រាប់​ការ ចាក់ ផ្សាយ​ស្ព​ត​ឃោសនា​នោះ​មាន​ទំហំ​ធំ។

ស្ព​ត​វីដេអូ​ឃោសនា​មាន​ទម្រង់​ដូច​ស្ព​ត​ពាណិជ្ជកម្ម​អីចឹង​ដែរ។ ក្នុង​ស្ព​ត​ខ្លះ​មាន​សម្ភាសន៍​ប្រជាជន​ដែល​និយាយ​ល្អ​អំពី​បេក្ខជន​ ប្រធានាធិបតីរៀងៗខ្លួន ក្នុង​ស្ព​ត​ខ្លះទៀត​បេក្ខជន​ប្រធានាធិបតី​ខ្លួនឯង​និយាយ​សន្យា​អនុវត្ត​ កម្មវិធី​នយោបាយ​របស់ខ្លួន​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​អ្នកបោះឆ្នោត។

ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុងការ​បញ្ចេញមតិ​ជា​សាធារណ​ថា ខ្លួន​ស្រឡាញ់​បេក្ខជន​មួយណា។ នៅតាម​ផ្លូវ រថយន្ត​ខ្លះ​មាន​បិទ​ឈ្មោះ​លោក​អូ​បា​ម៉ា ឬ​លោក​រ៉ូម​នី។ នៅតាម​ផ្ទះ​ក៏​ដូចគ្នា ឈ្មោះ និង​រូបថត​បេក្ខជន​ទាំងពីរ​ត្រូវបាន​ម្ចាស់ផ្ទះ បិទ​តាម​កញ្ចក់ និង​សរសេរ​ដាក់តាំង​នៅមុខ​ផ្ទះ​ក៏មាន។

អ្នកខ្លះ​ដែល​គាំទ្រ​លោក​អូ​បា​ម៉ា​បាន​ពាក់អាវ​ដែលមាន​សរសេរ​អក្ស​ចំអក​អោយ ​លោក​រ៉ូម​នី។ អ្នកគាំទ្រ​លោក​មី​ត រ៉ូម​នី​ក៏​ធ្វើ​ដូចគ្នា​ដែរ។

មាន​រដ្ឋ​ពិសេស៩ដែល​បេក្ខជន​ទាំងពីរ​ត្រូវ​ប្រុងប្រយ័ត្ន
ក្នុងចំណោម​រដ្ឋ​ទាំង៥០របស់​សហរដ្ឋអាមេរិក មាន​រដ្ឋ​ខ្លះ​ដែល​ប្រជាជន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ រៀងរហូត និង​មាន​រដ្ឋ​ខ្លះទៀត​ប្រជាជន​ស្រឡាញ់​គណបក្ស​សាធារណៈរដ្ឋ​រហូត​ដែរ។ ដោយឡែក​មាន​រដ្ឋ​ចំនួន៩ដែល​រាល់​ក្នុង​បោះឆ្នោតម្តងៗ បេក្ខជន​ទាំងពីរ​ត្រូវ​ប្រកួតប្រជែង​ដណ្តើម​ប្រជាប្រិយភាព​គ្នា។

រដ្ឋ​ទាំង៩នេះហើយ ដែល​ពេលខ្លះ ប្រជាជន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និង​ពេលខ្លះ​ពួកគេ​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណៈរដ្ឋ។ ក្នុងចំណោម​រដ្ឋ​ទាំង៩នេះ អូ​ហៃ​អូ Ohio គឺជា​រដ្ឋ​ដ៏​សំខាន់​ជាងគេ​មួយ​ដែល​បេក្ខជន​ទាំងពីរ​ត្រូវ​យកចិត្តទុកដាក់។ តាម​ប្រវត្តិ​នៃ​ការបោះឆ្នោត គ្មាន​បេក្ខជន​ប្រធានាធិបតី​ណាមួយ​ឈ្នះឆ្នោត​បាន​ធ្វើជា​ប្រធានាធិបតី​ដោយ​ មិនបាន​ឈ្នះឆ្នោត​នៅក្នុង​រដ្ឋ​អូ​ហៃ​អូ​នេះ​ទេ។

ប្រព័ន្ធ​បោះឆ្នោត​មុន Early Voting
នៅក្នុង​បណ្តា​រដ្ឋ​ភាគច្រើន​ក្នុង​សហរដ្ឋអាមេរិក ការបោះឆ្នោត​មុន Early Voting។ បានន័យថា រដ្ឋ​ទាំង​នោះបាន​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ​របស់ខ្លួន​អាច​បោះឆ្នោត​មុន​ថ្ងៃ ​បោះឆ្នោត​ផ្លូវ​ការដែល​ត្រូវបាន​ប្រកាស​ជា​ថ្ងៃទី៦វិច្ឆិកា​នោះ។ អាស្រ័យ​ទៅតាម​រដ្ឋ​ទេ ការបោះឆ្នោត​មុន​ត្រូវបាន​កំណត់១ខែ​មុន ឬ​យូរ​ជាង​នេះ។

អ្នកបោះឆ្នោត​មាន​វិធី២បែប​តាមតែ​ពួកគេ​ចង់។ ទីមួយ​ពួកគេ​អាច​ទៅ​បោះឆ្នោត​ដោយផ្ទាល់​ដល់​កន្លែង។ ទី២ពួកគេ​អាច​បើ​ឆ្នោត​តាម​សារ​ប៉ុ​ស្ត​ប្រៃ​យស​ណី។

ជាទូទៅ​មានមតិ​ពីរ​ដែល​អត្ថាធិប្បាយ​ទៅលើ​ទៅ​ប្រព័ន្ធ​បោះឆ្នោត​មុននេះ។ ទីមួយ​ជា​មតិស្រប ដែល​និយាយថា វា​ជាការ​បង្កើន​ពេលវេលា​បន្ថែម​សម្រាប់​អ្នកបោះឆ្នោត និង​ជាការ​លើកទឹកចិត្ត​អោយមាន​អ្នកចូលរួម​កាន់តែច្រើន។ ប៉ុន្តែ​ផ្ទុយ​វិញ​បានចាត់ទុក ប្រព័ន្ធ​បោះឆ្នោត​បែបនេះ​អាច​រំខាន​ដល់​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់ ​អ្នកបោះឆ្នោត។ បានន័យថា វា​ជា​ការជំរុញអោយ​អ្នកបោះឆ្នោត​ប្រញាប់​ទៅ​បោះឆ្នោត​ដោយ​មិនបាន​ពិចារណា​ បាន​គ្រប់​ជ្រុងជ្រោយ និង​ដល់ទី​បំផុត​ទៅលើ​បេក្ខជន​ប្រធានាធិបតី​និមួយ៕




No comments:

Post a Comment