Thursday, November 15, 2012

វិចារណកថា ៖ អូបាម៉ា ធ្វើឱ្យមាន ទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយអាស៊ាន

ប្រទេសកម្ពុជា ក្នុងនាមជាប្រធាន សមាគម អាស៊ាន សម្រាប់ឆ្នាំ២០១២នេះ កំពុងតែធ្វើ ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អាស៊ាន លើក ទី២១ ហើយរង់ចាំស្វាគមន៍ វត្ដមាន មេដឹកនាំ កំពូលៗនៃប្រទេស មហាអំណាច មួយចំនួន មកចូលរួមផងដែរ ។ នៅក្នុងឱកាសដ៏មានតម្លៃ នេះ គឺជាមុខមាត់នៃប្រទេសកម្ពុជា និងប្រជា ពលរដ្ឋ កម្ពុជាទាំងមូល ដែលត្រូវ ធ្វើ្វជាម្ចាស់ ផ្ទះកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ប្រកបដោយជោគជ័យ ។ ដូច្នេះក្រុមសង្គមស៊ីវិល មិន ត្រូវធ្វើសកម្មភាព តវ៉ាផ្សេងៗ បង្កឱ្យមានភាពអាប់អួណាមួយនោះទេ ហើយការតវ៉ាទាំង ឡាយ គួរតែធ្វើឡើងដោយសន្ដិវិធី ដើម្បីរក្សាកេរ្ដិ៍ឈ្មោះ និងកិត្ដិយសព្រមទាំងផល ប្រយោជន៍ជាតិ ទាំងមូល ។ ដោយហេតុថា វត្ដមានមេដឹកនាំកំពូលៗនៃប្រទេសមហា អំណាច ដូចជាប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ដ្រីចិន លោកវេន ជាបាវ ជាដើម មានសារៈសំខាន់ណាស់ សម្រាប់ពង្រឹងទំនាក់ទំនងការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម និង សន្ដិសុខ នៅក្នុងតំបន់ ក៏ដូចជានៅទូទាំងសកលលោក ។

តាមការគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ នៅរាជធានី ភ្នំពេញ ។ កាល ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ មានការជួបប្រជុំរបស់ឧត្ដមមន្ដ្រីអាស៊ាន ដើម្បីត្រៀមរៀប ចំកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធរវាងមេដឹកនាំប្រទេសជាសមាជិក អាស៊ានទាំង១០ ជាមួយមេដឹកនាំប្រទេសដៃគូអាស៊ាន ចំនួន៨ផ្សេងទៀត ដែលធ្វើឡើងពី ថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២ ។ មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យ ដឹងរួចមកហើយថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា គឺមានកិច្ចប្រជុំកំពូលអាស៊ាន លើកទី២១, កិច្ចប្រជុំអាស៊ានបូក១ គឺអាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េ ព្រមទាំង អាស៊ានបូកបី ដែលមានកិច្ចប្រជុំរួម រវាងអាស៊ាន ជាមួយចិន កូរ៉េ និងជប៉ុន ។ លើសនេះ ទៅទៀត គឺមានកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំ ដៃគូសន្ទនាជាសកល របស់អាស៊ាន ជាមួយបណ្ដាប្រទេសជាដៃគូសំខាន់ៗ ។
ក្រុមអ្នកតាមដានស្ថានការណ៍វិវត្ដន៍នៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជា ប្រធានសមាគមអាស៊ាន សម្រាប់ឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានការគាំទ្រ ពីសហគមន៍អន្ដរជាតិ និងពីប្រទេសមហាអំណាចធំៗ កាន់តែច្រើនឡើងៗ ។ ជាក់ស្ដែង កម្ពុជា បានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី២០ កាលពីខែមេសា និងកិច្ចប្រជុំថ្នាក់រដ្ឋ មន្ដ្រីការបរទេសអាស៊ានលើកទី៤៥ កាលពីខែកក្កដា ប្រកបដោយជោគជ័យ ហើយកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ ដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែវិច្ឆិកា ក៏រំពឹងថា បានទទួលជោគ ជ័យតាមការគ្រោងទុកដែរ។ មេដឹកនាំកំពូលៗនៃប្រទេសមហាអំណាច និងប្រទេសដៃគូ សំខាន់ៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហព័ន្ធរុស្ស៊ី សាធារណរដ្ឋប្រជាមានិតចិន  សាធារណរដ្ឋឥណ្ឌា អូស្ដ្រាលី និងជប៉ុនជាដើម បានត្រៀមរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី២១ នៅរាជធានីភ្នំពេញ ។ ដូច្នេះការរៀបចំដើម្បីឱ្យកិច្ចប្រជុំ ប្រព្រឹត្ដទៅដោយរលូន និងទទួលបានជោគជ័យធំធេង គឺជាតួនាទីដ៏សំខាន់របស់ ព្រះរាជា ណាចក្រកម្ពុជា ដែលនឹងទទួលបាននូវការគាំទ្រកាន់តែច្រើននៅលើឆាកអន្ដរជាតិ ។
មន្ដ្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នឹងមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ កំពូលអាស៊ាន-អាមេរិក ដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មកចូលរួម ហើយកិច្ច ប្រជុំនោះ ត្រូវផ្ដោតសំខាន់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្ដិការរវាងសហរដ្ឋ អាមេរិកនិងអាស៊ាន ។ ដោយហេតុថា តាំងពីរដ្ឋាភិបាលទី១ របស់លោកបារ៉ាក់ អូបាម៉ា គឺ លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ព្រមទាំងលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្ដ្រី ការបរទេស តែងតែប្រកាសអំពីការអនុវត្ដន៍គោលនយោបាយខិតមកជិតជាមួយអាស៊ាន ជាពិសេសពង្រឹងទំនាក់ទំនងសហប្រតិបត្ដិការអាមេរិក-អាស៊ាន ។ ក្នុងទិសដៅពង្រឹងកិច្ច សហប្រតិបត្ដិការ ក៏ដូចជាទំនាក់ទំនងការទូតអាមេរិក-អាស៊ាន គឺប្រធានាធិបតីអាមេរិក នឹងពិនិត្យទៅលើគោលគំនិត របស់មេដឹកនាំបណ្ដាប្រទេសជាសមាជិកអាស៊ាន ទាំង១០ ។ មានន័យថា ទំនាក់ទំនងអាមេរិក-អាស៊ាន  នឹងក្លាយទៅជាទំនាក់ទំនងយុទ្ធ សាស្ដ្រ ភាពជាដៃគូយុទ្ធសាស្ដ្រមិនមែនជាទំនាក់ទំនងធម្មតា ឬជាដៃគូធម្មតានោះទេ ។
ក្រុមអ្នកវិភាគស្ថានការណ៍បានវាយតម្លៃថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេល ឆាប់ៗខាងមុខនេះ ផ្ដោតសំខាន់ទៅលើ ការពង្រឹងកិច្ចសហប្រតិបត្ដិការ សេដ្ឋកិច្ចពាណិជ្ជកម្ម ក្នុងនាមជាដៃគូយុទ្ធសាស្ដ្រ មិនមែនផ្ដោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិប តេយ្យនោះទេ ។ ដោយហេតុថា ការគោរព សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ក្នុងតំបន់អាស៊ាន កាន់តែមានភាពរឹងមាំ ជាពិសេសការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិប តេយ្យនៅក្នុង ប្រទេសកម្ពុជា មានភាពល្អប្រសើរ មិនមែនខ្មៅងងឹត ដូចនៅក្នុងរបាយការណ៍ របស់អង្គការសិទ្ធិមនុស្សអន្ដរជាតិមួយចំនួននោះឡើយ ។ ការពិតទាំងឡាយ អំពីបញ្ហាសិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នឹងត្រូវលោកបារ៉ាក់ អូបាម៉ា ក៏ដូច ជាមេដឹកនាំកំពូលៗ ប្រទេសមហាអំណាចមួយចំនួនទៀត មើលឃើញយ៉ាងច្បាស់ ពេលដែល មេដឹកនាំទាំងនោះ មកដល់ប្រទេសកម្ពុជា ។ ដូច្នេះក្រុមសង្គមស៊ីវិលមួយចំនួន ក៏ដូចជា អង្គការសិទ្ធិមនុស្សអន្ដរជាតិ ដែលធ្លាប់ធ្វើការវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា គួរតែ ទទួលស្គាល់ការពិតពីការគារពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីផល ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិកម្ពុជាទាំងមូល ៕

No comments:

Post a Comment