ភ្នំពេញ៖ កន្លងមក ក៏ដូចជាបច្ចុប្បន្ន
មានអង្គការ ក្រៅរដ្ឋាភិបាលទាំងជាតិ និង អន្តរជាតិ អ្នកនយោបាយក៏ដូច ប្រទេសមួយ ចំនួន បាន ធ្វើសកម្មភាព តាមរយៈ ទាមទារ តស៊ូមតិ និងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យលោក សម រង្ស៊ី បានវិលចូលស្រុកវិញ។ ប៉ុន្តែការទាមទាររបស់ពួក គេ បានដើរបញ្ច្រាស ទិសនយោបាយរបស់លោក សម រង្ស៊ី ដែលបាន ដាក់ចេញតាំងីឆ្នាំ២០០៣មកម្ល៉េះ។
នយោបាយដែលដាក់ចេញ ដោយលោក សម រង្ស៊ី កាលពីឆ្នាំ២០០៣នោះគឺ បើមាន សែន (សម្តេចតេជោ ហ៊ុន សែន) អត់ ស៊ី (លោក សម រង្ស៊ី) ហើយបើមាន ស៊ី អត់ សែន មានន័យថា ភ្នំមួយ មិន អាចមានខ្លាពីរបានឡើយ គឺមានតែមួយប៉ុណ្ណោះ។
ដោយផ្តើមចេញពីនយោបាយនេះហើយ បានជាលោក សម រង្ស៊ី ក៏ដូចគណបក្ស សម រង្ស៊ី ដែរ បានធ្វើសកម្មភាពប្រឆាំងនិន្ទាឈ្នានីសផ្កាប់មុខ នឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ពិសេសប្រឆាំងដាច់ខាតនឹងសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។សកម្មភាពជាក់ស្តែង ដែលលោក សម រង្ស៊ីក្តី គណបក្សសម រង្ស៊ីក្តី ធ្វើកន្លងមកដូចជា រិះគន់ មិនសំចៃមាត់ និងវាយប្រហារ១០០% មកលើ រាជរដ្ឋាភិបាល ក៏ដូចគណបក្សប្រជាជនកម្ពុជា ដោយ មិនបានមើលឃើញចំណុចល្អសូម្បីបន្តិចក៏មិនមានដែរ គឺងងឹតខ្មៅអាក្រក់ទាំងអស់, ករណី ដកតម្រុយ បង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង លោក សម រង្ស៊ី ដឹងដែរថា អំពើនេះ ជាការខុសច្បាប់ ហើយប្រឈម នឹងការដាក់ទោសពីតុលាការមិនខាន ប៉ុន្តែបុគ្គល សម រង្ស៊ី នៅតែប្រព្រឹត្ត ពីព្រោះ គេត្រូវតែប្រឆាំងដាច់ខាត ទោះបីខុសច្បាប់ក៏ដោយ, ទោះបីស្លាប់ សមាជិករបស់ខ្លួនក៏ដោយ, ទោះបីស្លាប់ប្រជាជនខ្មែរក៏ដោយ, ទោះបីខាតបង់ប្រយោជន៍ជាតិយ៉ាងណាក៏ដោយជាដើម។ គ្រប់សកម្មភាពទាំងអស់ ខាងលើនេះ គឺឈរនៅលើមូលដ្ឋាន ឬផ្តើមចេញពីនយោបាយ បើមានស៊ី អត់សែន និងមានសែន អត់ ស៊ីនេះឯង។
ដូច្នេះ ជាលទ្ធផលនាពេលនេះ របស់លោក សម រង្ស៊ី ដែលរត់គេចខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញឲ្យផុតពីអំណាចយុត្តាធិការ តុលាការកម្ពុជា នោះ គឺជាការសំរេចចិត្តរបស់លោក សម រង្ស៊ី។ ចំណែកតុលាការកម្ពុជា ដែលកាត់ក្តីផ្តន្ទាទោស និងពិន័យទៅលើលោក សម រង្ស៊ីនោះ គ្រាន់តែអនុវត្ត ទៅតាមផ្លូវដែលលោក សម រង្ស៊ី ជ្រើសរើសតែប៉ុណ្ណោះ ហេតុនេះ អង្គការជាតិ-អន្តរជាតិ និងអ្នកនយោបាយ ព្រមទាំងប្រទេសមួយចំនួន ដែល ឈឺឆ្អាលរឿងលោក សម រង្ស៊ី ពិសេសទាមទារឲ្យលោក សម រង្ស៊ី បានចូលស្រុក វិញ ពិតជាដើរផ្ទុយពីនយោបាយ «បើមានសែន អត់ ស៊ី, បើមានស៊ី អត់ សែន របស់លោក សម រង្ស៊ី»។
តាមការពិត រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចង់ដើរលើផ្លូវកណ្តាលមួយ មិនប្រឆាំងផ្កាប់មុខដូចលោក សម រង្ស៊ី និងគណបក្សសម រង្ស៊ីនោះទេ បានន័យថា សុំឲ្យលោក សម រង្ស៊ី និយាយគ្នាក្នុងនាមខ្មែរដូចគ្នា និងគិតពីប្រយោជន៍ ជាតិជាធំ ប៉ុន្តែលោក សម រង្ស៊ីទេ ដែលមិនព្រមដើរលើផ្លូវកណ្តាលនេះ រួចរត់ទៅពឹងពាក់បរទេសទៅវិញ ដែលជាល្បិចកលរបស់លោក សម រង្ស៊ី ដើម្បីបង្កើតព្រឹត្តិការណ៍ ឲ្យមតិជាតិ-អន្តរជាតិ ចាប់អារម្មណ៍ថា ខ្លួនស្រឡាញ់ជាតិ ទឹកដី, យកចិត្តទុកដាក់ចំពោះប្រជាជនខ្មែរ, ចោទរាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា ថាក្បត់ជាតិ មិនគិតគូរដល់ប្រជាជនខ្មែរ ព្រមទាំងចោទប្រកាន់ថា តុលាការស្ថិតនៅក្រោម ឥទ្ធិពលអ្នកនយោបាយជាដើម។
អាស្រ័យហេតុនេះ អង្គការជាតិ-អន្តរជាតិ និងអ្នកនយោបាយ ក៏ដូចប្រទេសខ្លះ ដែលពូកែឈឺឆ្អាលករណីលោក សម រង្ស៊ីនោះ គួរតែបញ្ឈប់ សកម្មភាពរបស់ខ្លួនទៅ ដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងល្បិចកល ឬអន្ទាក់កាន់តែជ្រៅទៅៗ របស់លោក សម រង្ស៊ី ជាពិសេសកុំដើរផ្ទុយពីនយោបាយ ដែលដាក់ចេញដោយលោក សម រង្ស៊ីខ្លួនឯងផ្ទាល់ គឺ «បើមានសែន អត់ ស៊ី, បើមាន ស៊ី អត់ សែន»៕
ប្រភព៖ ដើមអំពិល
ប្រភព៖ ដើមអំពិល

No comments:
Post a Comment