Tuesday, October 2, 2012

វិចារណកថាៈ កម្ពុជាកំពុងអនុវត្តន៍តាម គោលការណ៍ ប្រជាធិបតេយ្យ

នៅក្រោយពេល សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក ម៉ម សូណង់ដូ ប្រធាន សមាគមអ្នក ប្រជាធិបតេយ្យ និង ជានាយកវិទ្យុសំបុកឃ្មុំ ឲ្យជាប់ពន្ធនាគារ២០ឆ្នាំ និងពិន័យ ជាប្រាក់១០លានរៀល បានធ្វើឲ្យ អង្គការអន្តរជាតិ និងប្រទេសមហាអំណាចមួយចំនួន មានប្រតិកម្មយ៉ាងខ្លាំង ជុំវិញបញ្ហានេះ ។ ក៏ប៉ុន្តែក្រុមអ្នក តាមដានស្ថានការណ៍នយោបាយ និង បញ្ហាផ្ទៃក្នុង ប្រទេសកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា កំពុង តែអនុវត្តន៍ ត្រឹមត្រូវ តាមគោលការណ៍ប្រជាធិបតេយ្យ ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីដាក់ទោស អ្នក ប្រព្រឹត្តខុសច្បាប់ ។ ដូច្នេះ អង្គការអន្តរជាតិ សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាច នានាគួរតែពិនិត្យ មើលឡើងវិញ អំពីអធិបតេយ្យភាព របស់កម្ពុជា ហើយគួរទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នកំពុង យកចិត្តទុកដាក់ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស ឲ្យកាន់តែប្រសើរឡើង ។ សហគមន៍ អន្តរជាតិ និងប្រទេសមហាអំណាច មិនគួរ ដាក់ការគាបសង្កត់ លើរាជរដ្ឋាភិបាលកម្ពុជា ដោយពុំមានហេតុផល ច្បាស់លាស់ នោះទេ ។
កាលពីថ្ងៃអង្គារ កន្លងទៅនេះ ប្រទេសមហាអំណាចចំនួន២ គឺសហរដ្ឋអាមេរិក បានអំពាវនាវ ឲ្យរាជរដ្ឋាភិបាល កម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ ក្រោយពេលដែលសាលា ដំបូងរាជធានីភ្នំពេញ កាត់ទោស ប្រធានសមាគម ប្រជាធិបតេយ្យ រូបនេះ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ។ អ្នកនាំ ពាក្យក្រសួងការបរទេសអាមេរិក បានចេញ សេចក្តីថ្លែងការណ៍ សម្តែងនូវការព្រួយបារម្ភ ចំពោះការផ្តន្ទាទោស លោក ម៉ម សូណង់ដូ ឲ្យជាប់ ពន្ធនាគារ ២០ឆ្នាំ ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា ការកាត់ទោស លោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំក្រោមការ ចោទប្រកាន់ ពីបទបះបោរ មើលទៅមានលក្ខណៈនយោបាយ ព្រោះគាត់បានរិះគន់ជា ញឹកញាប់ ទៅលើរដ្ឋាភិបាល កម្ពុជា។ សេចក្តីថ្លែង ការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក គាំទ្រយ៉ាង ខ្លាំងក្លា ចំពោះ សេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសេរីភាព អ្នកសារព័ត៌មាន ក្នុងការសម្តែង ទស្សនៈនយោបាយ ដោយគ្មាន ការភ័យខ្លាច ពីការធ្វើទុក្ខទោស ការសងសឹក ឬការបំភិត បំភ័យ ស្របតាមអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ក៏ដូចជា សេចក្តី ប្រកាស ជាសកល ស្តីពីសិទ្ធិមនុស្ស ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេស បារាំង ក៏បានចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងការ ព្រួយបារម្ភ ក្នុងករណីផ្តន្ទាទោស លោក ម៉ម សូណង់ដូ នោះដែរ ដោយបញ្ជាក់ថា ប្រទេស បារាំងមានការសោកស្តាយ យ៉ាងខ្លាំង ចំពោះការកាត់ទោសនេះ ។ ប្រទេសបារាំង បានអំពាវ នាវយ៉ាងទទូច ឲ្យកម្ពុជា គោរពសេរីភាព បញ្ចេញមតិ ស្របតាម កតិកាសញ្ញា អន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលខ្លួនជាភាគី ហត្ថលេខី ។ សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសបារាំង បានអំពាវនាវ ឲ្យកម្ពុជាធានាថា នីតិវិធីបណ្តឹងឧទ្ធរណ៍ នឹង អនុញ្ញាត ឲ្យមានការត្រួតពិនិត្យ រឿងក្តីនេះឡើងវិញ ឆាប់ៗ ប្រកបដោយយុត្តិធម៌ និងសមធម៌ ។លើសនេះ ទៅទៀត សេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេសបារាំង បានលើកឡើងថា លោក ម៉ម សូណង់ដូ ដែលមាន សញ្ជាតិបារាំង ទទួលបាន នូវការការពារ ផ្នែកកុងស៊ុលដូច ពលរដ្ឋបារាំងដទៃទៀតដែរ ដោយកុងស៊ុលបារាំង នៅភ្នំពេញ តែងតែទៅសួរ សុខទុក្ខលោក ម៉ម សូណង់ដូ យ៉ាងទៀងទាត់ បន្ទាប់ពីគាត់ត្រូវបានឃុំខ្លួន ហើយនឹង ទៅជួបគាត់ជាថ្មីទៀត ក្នុងពេលដ៏ខ្លីខាងមុខ ។
ប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស អាមេរិក និងក្រសួងការបរទេស បារាំង ដូចខាង លើនេះ ក្រុមអ្នកតាមដាន ស្ថានការណ៍ក្នុងប្រទេសកម្ពុជាបានលើកឡើងថា ប្រទេសមហាអំណាចមួយចំនួន ហាក់ដូចជាយកចិត្តទុក្ខដាក់ ចំពោះបញ្ហាសិទ្ធិមនុស្ស ក្នុង ប្រទេសកម្ពុជា ខ្លាំងណាស់។ ប៉ុន្តែគួរឲ្យសោកស្តាយ កាលពីជំនាន់ប៉ុល ពត គ្រប់គ្រងអំណាច ប្រសិនបើប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ យកចិត្ត ទុក្ខដាក់ លើស្ថានភាពសិទ្ធិ មនុស្សក្នុងប្រទេសកម្ពុជា ប្រហែលប៉ុល ពត មិនអាចប្រព្រឹត្តបទឧក្រិដ្ឋ សម្លាប់ ប្រជាពលរដ្ឋ ខ្មែរ អស់ជាង១,៧ លាននាក់បានឡើយ ។ ដូច្នេះប្រទេសមហាអំណាច និងសហគមន៍អន្តរជាតិ គួរគាំទ្រដល់រាជ រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលកំពុងអនុវត្តន៍ តាមគោលការណ៍ប្រជាធិបតេយ្យ ហើយប្រើ ប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់ទោសមនុស្ស តាមច្បាប់។ មានន័យថា ប្រទេសមហាអំណាច និងសហគមន៍ អន្តរជាតិ គួរគាំទ្ររាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិ មនុស្ស ព្រោះរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បើកសិទ្ធិ សេរីភាព សព្វបែបយ៉ាង ដល់ពលរដ្ឋ ។
អ្នកវិភាគឯករាជ្យ មួយចំនួន បានកត់សម្គាល់ថា កន្លងមក នៅពេលកម្ពុជាមានអំពើរំលោភ សិទ្ធិមនុស្សបន្តិច បន្តួច ឬមានបញ្ហាដីធ្លីកើតឡើង សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយ តែងតែព្រមានផ្អាកជំនួយ ឬបញ្ឈប់ ការផ្តល់ជំនួយ សម្រាប់អភិវឌ្ឍន៍ ប្រទេសកម្ពុជា ប៉ុន្តែនៅ ពេលដែលរាជរដ្ឋាភិបាលកម្ពុជា មាន ទំនាក់ទំនងល្អ ជាមួយប្រទេសចិន ហើយរដ្ឋាភិបាលចិន ផ្តល់ជំនួយឲ្យកម្ពុជា គេបែរជាធ្វើការរិះគន់ ជុំទិស ទៅវិញ ។ ប្រការនេះ មិនមែនជាការជួយ ជ្រោមជ្រែង ឲ្យមានការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្សរឹងមាំ នៅក្នុងប្រ ទេសកម្ពុជាទេ ប៉ុន្តែជាការធ្វើឲ្យយឺតយ៉ាវ ដល់ការពង្រឹងលើផ្នែកទាំងពីរនេះ ។ ដូច្នេះ នៅពេល មានបញ្ហាខ្វះខាត កើតឡើង សហគមន៍អន្តរជាតិ និងប្រទេសម្ចាស់ជំនួយ គួរតែបង្កើនកិច្ច ពិភាក្សានិងបង្កើនជំនួយ សម្រាប់កម្ពុជា ដើម្បីពង្រឹង លទ្ធិប្រជាធិបតេយ្យ ពង្រឹងការគោរពសិទ្ធិ មនុស្សនិងកែ ទម្រង់លើគ្រប់វិស័យ ។ លើសនេះទៅទៀតនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រព័ន្ធច្បាប់ ដើម្បីកាត់ទោស ជនប្រព្រឹត្តខុសច្បាប់ គួរតែមានការលើកទឹកចិត្ត ពីប្រទេស មហាអំណាច និងពីប្រទេសម្ចាស់ជំនួយ ទើបជា រឿងត្រឹមត្រូវ ៕
ប្រភព៖ ដើមអំពិល

No comments:

Post a Comment