Sunday, October 28, 2012

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញ ជាអធិបតី ប្រគល់សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប

- សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រោះតែការយាងចូលទិវង្គត របស់ព្រះមហាវីរក្សត្រ សម្តេចបានលុបចោលកម្មវិធី ជាច្រើនបូករួមទាំងការប្រគល់សញ្ញាបត្រឲ្យនិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា តែត្រូវបានលើកមកធ្វើនៅ ថ្ងៃនេះវិញ។


ជាមួយគ្នានេះ កិច្ចប្រជុំអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នៅប្រទេសវៀតណាម ក៏ត្រូវបានសម្តេច លុបចោលផងដែរ។ សម្តេចបានបន្តឲ្យដឹងថា នៅថ្ងៃ អាទិត្យ ខាងមុខនេះ សម្តេចនឹងអញ្ជើញទៅទីក្រុងវៀង ច័ន្ទ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលនឹងពិភាក្សាអំពីការអភិវឌ្ឍនៅតំបន់អាស៊ី។ នៅ ខែធ្នូ សម្តេចអញ្ជើញទៅប្រទេសឥណ្ឌា ចូលរួមបុណ្យខួបនៃទំនាក់ទំនងរវាង ឥណ្ឌា និងអាស៊ាន។
- សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីអតីតកាល ជាពិសេសក្រោយឆ្នាំ១៩៧៩ គឺគ្មានអ្វីទាល់តែសោះ ត្រូវកសាងប្រទេសជាតិ ពីបាតដៃទទេ។ សម្តេចបានរំលឹកពីប្រវត្ត ដ៏ជូរចត់ និងខ្លោចផ្សាមួយទៀតថា ក្រោយឆ្នាំ១៩៧៩ ពេលដែលសម្តេចធ្វើជារដ្ឋមន្រ្តីការបរទេស សម្តេចបានបង្ខំចិត្តទៅយួរទឹកពីទន្លេមេគង្គ មកផ្ទះរបស់សម្តេច ហើយមានថ្ងៃមួយនោះ ដោយសារតែសម្តេចជាប់រវល់ ភរិយារបស់សម្តេចបានយក ទឹកពីក្រោមផ្ទះទៅលើផ្ទះ ធ្វើរលូតកូនក្នុងផ្ទៃ ដែលមានអាយុទើប២ខែ នេះជាការសោកស្តាយ និងសោក សៅបំផុត។ ហើយបើផ្ទះឲ្យគេ ក៏គ្មាននរណាយកផង តែឥឡូវវាមានការអភិវឌ្ឍច្រើន។
-  សម្តេចបានបន្តថា អ្វីដែលជាសមិទ្ធផលនៅសម័យសង្គមរាស្រ្តនិយម មួយភ្នែកធំត្រូវបានបំផ្លិចបំផ្លាញ ហើយអ្វី ដែលនៅសល់គ្មានអ្នកប្រើ ដែលតម្រូវឲ្យយើងធ្វើការអភិវឌ្ឍន៍ឡើងវិញ។ សម្តេចបានលើកឡើងទៀតថា បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ និងសម័យខ្មែរក្រហមទេ ប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្នអាចក្លាយ ជាប្រទេសអភិវឌ្ឍន៍ ឬអភិវឌ្ឍន៍បង្គួរ ដោយសម្តេចបានបញ្ជាក់ថា កាលពីឆ្នាំ១៩៦២ GDP របស់កម្ពុជា ខ្ពស់ជាងប្រទេសកូរ៉េ ដោយកម្ពុជាមានកំណើន GDP ជាង២០០ រីឯប្រទេសកូរ៉េមានត្រឹម ១៦២ប៉ុណ្ណោះ ។ សម្តេចបានបន្តទៀតថា នៅក្នុងរាជធានី ភ្នំពេញ នាពេលបច្ចុប្បន្ន តម្រូវការអគ្គិសនីមានរហូតដល់ ៤០០ មេហ្គាវាត់។
- សម្តេចនាយករដ្ឋមន្រ្តី បានឲ្យផងដែរថា មានប្រទេសជិតខាងមួយចំនួន បានចោទប្រកាន់ថា សម្តេច អនុញ្ញាតឲ្យមានការផលិតថាមពលអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរនៅខេត្តកោះកុង។ សម្តេច បានបញ្ជាក់ទៅវិញថា មានប្រទេសមួយចំនួនចង់សិក្សាលើគម្រោងនេះ តែសម្តេចមិនទាន់អនុញ្ញាតទេ។ សម្តេចបានបន្ថែមថា ប្រទេសនានា មានសិទ្ធិបង្ហាញពីកង្វល់របស់ខ្លួន ពីបញ្ហានេះ តែកម្ពុជាមិន ទាន់មានសមត្ថភាពដល់ថ្នាក់ហ្នឹងទេ។
- សម្តេចបានបញ្ជាក់ថា ឆ្នាំនេះ ត្រូវតែបង្ខំចិត្តលុបចោលព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះ ខែ គឺវាមិនសមនោះទេ ខណៈដែលព្រះបរមសពព្រះមហាវីក្សត្រតម្កល់ក្នុងព្រះបរមរាជវាំង បែរជាពលរដ្ឋ ខ្មែរ នាំគ្នាដើរលេងសប្បាយអ៊ូអរនោះ។ ជាមួយគ្នានេះ ពិធីបុណ្យសមុទ្រឆ្នាំ២០១២ ក៏ត្រូវបានលុបចោល ផងដែរ ដោយលើកទៅធ្វើនៅចុងឆ្នាំ២០១៣វិញ។
- សម្តេចតេជោ ហ៊ុន សែន បានបកស្រាយចំពោះការរិះគន់មួយចំនួន ដែលទាមទារឲ្យដំឡើងប្រាក់ខែគ្រូ បង្រៀន គឺត្រូវធ្វើឡើងជាដំណាក់កាល។ បើគិតតែពីដំឡើងប្រាក់ខែៗ មិនគិតពីបញ្ហាជាតិផ្សេងទៀតទេ នោះ ការដឹកនាំប្រទេសជាតិច្បាស់ជារលាយហើយ។ ការចំណាយត្រូវធ្វើជាដំណាក់កាល ហើយទៅលើ គ្រប់ផ្នែកទាំងអស់ សម្តេចបានបញ្ជាក់ថា ការចំណាយនោះ គឺត្រូវធ្វើឡើងត្រឹម ៤០ភាគរយ នៃការ ចំណាយចរន្ត ប៉ុន្តែឥឡូវនេះ ការចំណាយឡើងដល់ ៤២ភាគរយ ស្មើនឹង ៤,៧ភាគរយ នៃ GDP។ សម្តេចបានលើកឡើងផងដែរថា ស្ទើរគ្រប់វិស័យមានការរីកចម្រើន ដូចជាវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យ...។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ចប់សុន្ទរកថា របស់សម្តេចនាវេលាម៉ោង ៩ និង៤០នាទី។

No comments:

Post a Comment