សៀមរាប: ទោះបីរាជរដ្ឋាភិបាល បានសម្រេច ផ្អាកការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះ ខែ និងអកអំបុក ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ដើម្បីកាន់ព្រះរាជមរណទុក្ខ នៃការ សោយ ទិវង្គតរបស់ ព្រះមហាវីរក្សត្រខ្មែរក្តី តែសម្រាប់នៅខេត្តសៀមរាបវិញ គឺប្រារព្ធ ជាធម្មតា។
លោក ស៊ូ ភិរិន្ទ អភិបាល នៃគណ:អភិបាលខេត្ត បានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសជាមួយ អ្នក សារ ព័ត៌មាន កាលពីព្រលប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់ និងរំលែកព្រះរាជ មរណទុក្ខ ក៏ដូចជាគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រខ្មែរថា នៅ ខេត្តសៀមរាប ដែលជាតំបន់ទេស ចរណ៍ប្រវត្តិសាស្ត្រដ៏មានសក្ដានុពល សម្រាប់ភ្ញៀវទេចរជាតិ អន្តរជាតិ ដូច្នេះពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបក និងសំពះព្រះខែ ក្នុងឆ្នាំ២០១២នេះ គឺប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍។
លោកបន្តថា ដោយឆ្នាំនេះ យើងបានត្រៀមរៀបចំកិច្ចប្រជុំពេញអង្គ នៃវេទិការទេសចរណ៍ អាស៊ី-បូព៌ា លើកទី១២ EATOF (12th East Asia Inter-Regional Tourism Forum) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១២ ហើយនៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ នឹងមានការរៀប ចំសម្ដែងសិល្ប:វប្បធម៌ចម្រុះ អាស៊ានបូកបី ក្រោមប្រធានបទ «ឯកភាព ក្នុងពហុភាពវប្បធម៌» និង ប្រធានបទ «សៀមរាបអង្គរ ទីក្រុងវប្បធម៌ នៃអាស៊ី-បូព៌ា ឆ្នាំ២០១២»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការចូលរួមកាន់នូវព្រះរាជមរណទុក្ខ នៃការយាងចូលទិវង្គត របស់ព្រះមហាវីរក្សត្រនោះ បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក នៅតាមដងទន្លេសាបមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧, ២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១២។
តែទោះជាយ៉ាងណា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមបណ្តា ខេត្ត និងទីកន្លែងដទៃទៀត អាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពរបស់ អាជ្ញាធរ និងប្រជាពលរដ្ឋ ហើយការឈប់សម្រាករបស់ មន្ត្រីរាជការ និយោជិត កម្មករ ចំនួន ៣ថ្ងៃ ក្នុង ព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារ ដែលមានចែងក្នុងអនុក្រឹត្យលេខ ២៣១ អនក្រ.បក ចុះថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០១១ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ៕
ប្រភព៖ www.dap-news.com



No comments:
Post a Comment