ភ្នំពេញ ៖ បន្ទាប់ពីកម្ពុជា បានចូលជាសមាជិកអនុសញ្ញា The age convention ពេញសិទ្ធិមក នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលកម្ពុជា បាន អនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិក យកកុមារកម្ពុជាទៅចិញ្ចឹម ដោយស្របច្បាប់ តាមលក្ខណៈអន្តរជាតិ ដែលគំរោងនេះ នឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣តទៅ។
រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក ឡុង វិសាលោ បានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបមួយរវាងលោក និងឯកអគ្គរដ្ឋទូត អាមេរិក និងជាទីប្រឹក្សាពិសេស ទទួលបន្ទុកកុមារអាមេរិក អ្នកស្រី Susan Jacobsថា កម្ពុជានឹងអនុញ្ញាតឲ្យ អាមេ រិក យកកុមារកម្ពុជា ដែលមានអាយុក្រោម ៨ឆ្នាំ ឬក៏លើស៨ឆ្នាំបន្តិចបន្តួច ទៅចិញ្ចឹមស្របតាមការស្នើសុំរបស់ខ្លួន ដែលការអនុញ្ញាតនោះ មានរហូតដល់ជាងមួយរយនាក់ ទៅជាងពីររយនាក់ក្នុងមួយឆ្នាំៗ។
លោកឡុង វិសាលោបានមានប្រសាសន៍បញ្ជាក់ថា «យើងមិនមែនយកកូនយើងទៅលក់ទេ សូមបញ្ជាក់ថា យើងគិតគូរដល់អនាគតរបស់ក្មេង ហើយយើងគិតគូរ ដល់អ្នកដែលសុំដែរ... អ្នកខ្លះគ្នាខ្វះកូន គេអាចសុំកូន ហើយគេអាចផ្តល់ ជាច្បាប់ជាសិទ្ធិពេញសិទ្ធិឲ្យយើង។ ដូច្នេះហើយ យើងត្រូវតែធ្វើ ហើយវាបានទៅស្រុកគេ បានរៀនសូត្រចេះដឹងច្រើន ហើយមានក្មេងខ្លះរៀនចេះដឹងច្រើន ហើយសុំវិលត្រឡប់ មកធ្វើការជួយក្នុងអង្គការណាមួយ»។
ឆ្លើយតបទៅនឹងសំណួរ របស់អ្នកសារព័ត៌មានទាក់ទង នឹងការបង្ការការជួញដូរមនុស្សលោក ឡុង វិសាលោ បានឲ្យដឹងទៀតថា កម្ពុជាបានត្រៀមខ្លួន រួចជាស្រេចមុន នឹងផ្តល់កុមារឲ្យទៅគេ ពោលគឺកម្ពុជាបានរៀបចំ ច្បាប់ជាលក្ខន្តិកៈយ៉ាងច្រើន ដើម្បីទប់ស្កាត់មិនឲ្យ មានការជួញដូរនោះឡើយ។
ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសយកកុមារ ទៅចិញ្ចឹម ជាច្រើនឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ ប្រហែលជាង៥០០០នាក់។ ប្រទេសដែលត្រូវ បានអនុញ្ញាតមានដូចជាប្រទេស អ៊ីតាលី, បារាំង, អូស្រ្តាលី, អាល្លឺម៉ង់, អាមេរិក និងប្រទេសអង់គ្លេសជាដើម។ កម្ពុជា បានទទួលស្គាល់សន្ធិសញ្ញាឲ្យ អន្តរជាតិស្មុំកុមារ តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៧ ហើយនៅក្នុងខែសីហា ឆ្នាំដដែល បានចូលជាពេញសិទ្ធិជាស្ថាពរ៕


No comments:
Post a Comment