Sunday, October 28, 2012

ទស្សនៈ និងមតិ៖ តើរាជវង្សខ្មែរ កំពុងតែបែកបាក់គ្នា មែនទេ?


ព្រះបាទនរោត្តម សីហនុ ៣១-តុលា-២០១១
ស្វាយរៀងៈ កាលពីសប្ដាហ៍មុនខ្ញុំហាក់ដូចជា មាន​ការភ្ញាក់​ផ្អើល ខណៈដែលខ្ញុំបាន​ឃើញអត្ថបទ សរសេរ​​ដោយ ម្ចាស់ក្សត្រីយ៍​មួយអង្គ​អះអាង​ថា ខ្លួនជាអ្នកកាសែត​អាជីព​នៅក្នុង​កាសែតល្បីបង្គួរមួយ បានលាតត្រដាងនូវរឿង រ៉ាវគ្រូសាររាជ​វង្សខ្លួនឯង​ឲ្យសាធារណជន​បានដឹង។
ខណៈដែលប្រជា​ពលរដ្ឋទូទាំង​ប្រទេស បានកំពុងតែនាំគ្នាកាន់ទុក្ខថ្វាយព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដែល ព្រះអង្គបានយាងចូល ទិវង្គតកាលពីពីរសប្ដាហ៍មុននោះ ហើយអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយចាត់ទុកវា គឺជា​ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ មានការរួបរួមគ្នារវាងខ្មែរ និងខ្មែរយ៉ាងធំមួយ ដែលមិនធ្លាប់​មាន​ពីមុនមកនោះ បែរជាមានព្រះញាតិវង្សខ្លួនឯងមួយអង្គ បានចេញមុខមកលាតត្រដាងនូវភាព​បែកបាក់គ្នានៅក្នុងចំណោមព្រះ ញាតិវង្សខ្លួនឯង ដោយគ្មានលាក់លៀមទៅវិញ។

មិត្តភ័ក្តិរបស់ខ្ញុំមួយចំនួន ដែលបានអានអត្ថបទនោះ ព្រមទាំងខ្ញុំផងហាក់ដូចជាមានភាពស្ទាក់ស្ទើរ និងនិយាយ ថា តើសំណេរមួយនេះ វាកំពុងតែបង្ហាញប្រាប់ ប្រជាពលរដ្ឋខ្មែរ និងពួកបរទេសឲ្យ​ដឹងពី ការបែកបាក់គ្នាក្នុង ចំណោមព្រះញាតិវង្សខ្លួនឯង និងក្ដីកង្វល់ពីភាពគ្មានអ្នក​សោយរាជ្យ​បន្តពីព្រះមហាក្សត្រ សីហមុនី មែនទេ?
ក្រៅពីបានចាត់ទុកខ្លួនឯង ជាអ្នកកាសែតម្នាក់នៅក្នុងប្រទេស ដែលគ្មានសេរីភាពបញ្ចេញមតិ និងផ្សព្វផ្សាយពី ការពិត ខណៈដែលអត្ថបទមួយនេះ កំពុងតែបោះពុម្ភ លក់នៅពាសពេញប្រទេស​កម្ពុជានោះ សំណេររបស់ព្រះ អង្គម្ចាស់ក្សត្រីយ៍ នៅក្នុងកាសែតដ៏ល្បីមួយនោះ វាក៏បានបង្ហាញ​ពីលក្ខណៈចង្អៀត ចង្អល់ពេកពីរបៀប របបពិធី ការនៅក្នុងការរៀប​ចំពិធីបុណ្យព្រះបរមសពស​ម្ដេចឪ ដោយភាពច្រណែនឈ្នានីសជាមួយមន្រ្តីរាជរដ្ឋាភិបាល ព្រមទាំងសមាជិករាជវង្សខ្លួនឯង ដែលបានចូលគោរពព្រះបរមសពនៅក្នុងសាលព្រះរាជបាល័ង្គ។ ភាពច្រណែន ឈ្នានីសនេះ វាហាក់ដូចជាក្លាយជាវប្បធម៌ និងបានចាក់ឬសយ៉ាងជ្រៅចូលទៅ ក្នុងសណ្ដានចិត្តរបស់មនុស្សខ្មែរ មួយចំនួនធំនិងព្រះញាតិវង្សខ្លះដោយបានបែងចែកខ្សែព្រះញាតិវង្ស បីអង្គគឺខ្សែអង្គឌួង ស៊ីសុវត្ថិ និង នរោត្តម។ ក្នុងចំណោមខ្សែញាតិវង្សបីអង្គនេះ ខ្សែព្រះញាតិវង្សអង្គដួងហាក់ត្រូវបានរុញច្រាន​ទៅគៀនជញ្ជាំង តាំងពីព្រះ បាទស៊ីសុវត្ថិ បានឡើងសោយរាជ្យតពី ព្រះបាទនរោត្តម្ភមកម្ល៉េះ ហើយនាពេលបច្ចុប្បន្ននេះ បើទោះបីជារដ្ឋធម្ម នុញ្ញ បានចែងថា ព្រះមហាក្សត្រដែលឡើង​សោយរាជ្យត្រូវតែមានខ្សែលោហិតទាំងបីខាងលើ ទើបអាចឡើង សោយរាជបានក៏ដោយ ក៏ប៉ុន្តែខ្សែព្រះបាទអង្គឌួងហាក់ដូចជាបាត់សូន្យឈឹងតែម្ដង។
ដោយលើកឡើងពីរាជវង្សនៅក្នុងប្រទេសមួយចំនួនដូចជាថៃនិងអង់គ្លេសជាដើម ដែលរាជវង្សនៅ​ប្រទេសទាំង នោះ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងរាជវង្សខ្មែរយើង ហើយជាពិសេសត្រូវបានគោរព​ជាសកលពីសំណាក់ពល រដ្ឋរបស់ប្រទេសទាំងនោះ ម្ចាស់ក្សត្រីយ៍អង្គនេះ ក៏បានតម្អូញតម្អែរ​នៅក្នុងសំណេរនោះថា រាជវង្សខ្មែរ គឺគ្មាន ទ្រព្យសម្បត្តិស្ដុកស្ដម្ភនោះទេ ខណៈដែលមាន​ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រីយ៍មួយចំនួនកំពុងតែគង់នៅ ក្នុងព្រះរាជដំណាក់ដ៏ទំនើប ដែលមានតម្លៃរាប់លានដុល្លារនៅរាជធានីភ្នំពេញនោះ។ ប្រហែលជាមានពលរដ្ឋខ្មែរ មិនតិចទេ​ដែលបានចាត់ទុកអត្ថបទមួយនេះ គឺជាការហែកកកាយរឿងគ្រួសារ រាជវង្ស​ខ្លួនឯងឲ្យ​សាធារណជន​ខ្មែរបានជ្រួតជ្រាប។
ដោយលើកឡើងនូវសុភាសិត​ដ៏ល្បីល្បាញ​​របស់​អាមេរិក​មួយដែលបាននិយាយថា «រួបរួមគ្នាយើង​ឈរ បែកបាក់ គ្នាយើងនឹងដួល» វាបានបង្ហាញយ៉ាងច្បាស់ណាស់ថា គ្រួសាររាជវង្ស​ខ្មែរកំពុងតែ​មាន​ការបែកបាក់គ្នាយ៉ាងធ្ងន់ ធ្ងរនិងមានការបែងចែកគ្នាក្នុងចំណោមព្រះញាតិវង្ស ដែលមាន​មុខមាត់ និងព្រះញាតិវង្សដែលមិនសូវមានមុខ មាត់នៅក្នុងសង្គមខ្មែរ​នាពេល​បច្ចុប្បន្ននេះ។
ក្នុងនាមខ្ញុំជាជនជាតិខ្មែរមួយរូប ខ្ញុំពិតជាមានអារម្មណ៍ខ្មាស់អៀនជាខ្លាំងចំពោះ ការបែកបាក់ និងបែងចែកគ្នានៅ ក្នុងចំណោមព្រះញាតិវង្សខ្មែរយើងនេះ ដែលប្រជាជនខ្មែរបានចាត់ទុកថា «ព្រះញាតិវង្សគំរូមួយ» តែផ្ទុយទៅវិញ វាបានបង្ហាញឲ្យយើងឃើញពីការខកចិត្ត​ជាខ្លាំងចំពោះ​ការបែកបាក់គ្នានេះ ខណៈដែលប្រជានុរាស្រ្តទូទាំង ប្រទេសមានការរួបរួមគ្នាបានយ៉ាងល្អឥតខ្ចោះ​នៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព និងការកាន់ទុក្ខព្រះបរម សពសម្ដេចព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ នោះ។
សំណេរមួយនេះវាគ្រាន់តែជាការបញ្ចេញមតិ និងមានភាពងឿងឆ្ងល់ចំពោះអត្ថបទរបស់ព្រះអង្គ​ម្ចាស់ក្សត្រីយ៍ មួយអង្គនោះតែប៉ុណ្ណោះ វាមិនមែនជាការវាយបក «Fead Back» នោះទេ៕

No comments:

Post a Comment