Friday, October 19, 2012

អាជ្ញាធរ និងប្រជារាស្រ្ត ខេត្តសៀមរាប រៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រខ្មែរ



សៀមរាប: នៅវេលារសៀលថ្ងៃ ៤ កើត ខែអស្សុជ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវនឹងថ្ងែទី១៩ ខែ តុលា ឆ្នាំ២០១២ លោកអភិបាលខេត្តសៀមរាប លោកស្រី និងមន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ប្រជា ពលរដ្ឋ នៅខេត្តសៀមរាប បាននិមន្ដព្រះសង្ឃ ៩០អង្គ សូត្រមន្ដ បង្សុកូល ទេសនា រំលែកព្រះរាជមរណ ទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរ រាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ដ៏ក្រៀមក្រំរកទីបំផុតគ្មាននេះ មានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ពុទ្ធបរិស័ទ គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជារាស្រ្ត លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រួ សិស្ស និស្សិត អាជីវករ ភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ ជាង ១.០០០នាក់ នៅព្រះរាជដំណាក់ខេត្តសៀមរាប។ ព្រះសង្ឃ បានសូត្រមន្ដ បង្សុកូល និងទេសនា ព្រមទាំងមានការអុជទានធូប ថ្វាយកម្រងផ្កា ចូលបុណ្យទាន ផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅតាមទីវត្តអារ៉ាម លំនៅឋាន មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ គ្រិះស្ថាន វិទ្យាល័យ សាលារៀន សណ្ឋាគារ ផ្ទះសំណាក់ ភោជណីដ្ឋាន និងទីគោរពសក្ការ:ជាច្រើន នៅសៀមរាប បានបន្ត កាន់ព្រះរាជមរណទុក្ខ តាំងព្រះឆាយាល័ក្ខណ៍ អុជទានធូប ថ្វាយកម្រងផ្កា សូត្រមន្ត បង្សុកូល ដង្ហែក្បួន ស្មិងស្មាធិ៍ គោរពដឹងព្រះរាជគុណព្រះមហាវីរក្សត្រខ្មែរ ដែលបានចំណាយព្រះកាយពល និងប្រាជ្ញា ស្មារតី ដើម្បីជាតិ និងប្រជារាស្ត្រ។
លោកអភិបាលខេត្ត ស៊ូ ភិរិន្ទ បានមានប្រសាសន៍ក្នុងពិធីនោះថា ព្រះសង្ឃ ពុទ្ធបរិស័ទ គណ:អភិបាល ខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជារាស្រ្ត ក្នុងខេត្តសៀមរាប មានសេចក្ដី សោកសង្រេង និង ក្ដុកក្ដួលជាទីបំផុតដែលព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរ ក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះអង្គបានយាងចូលព្រះទីវង្គត ។ ការយាងចូលព្រះទីវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រខ្មែរ គឺជាការបាត់បង់ និងការសោកស្ដាយ យ៉ាងក្រៀមក្រំ ក្រៃលែងនូវអង្គមហាវីរក្សត្រដ៏ឆ្នើមបំផុត នៃកូន ចៅ ចៅទួត ចៅលួត ជាទីស្នេហារបស់ ព្រះអង្គ ដែលបាននឹងកំពុងដង្ហែតាមយ៉ាងស្មោះស្ម័គ្រជាទីបំផុត ចំពោះព្រះរាជគំរូសកម្មភាព ស្នាព្រះ ហស្ថ ដ៏ឧត្ដុងឧត្តម និង ព្រះគុណបំណាច់ដ៏ធំធេងបំផុត ដែលពេញមួយព្រះជន្មាយុរបស់ព្រះអង្គ បានលះ បង់នូវព្រះបញ្ញាញាណ និង ព្រះកាយពល ដែលមិនអាចកាត់ថ្លៃបាន ក្នុងបុព្ធហេតុឯករាជ្យជាតិ បូរណ ភាពទឹកដី ឯកភាពជាតិខ្មែរ និងការអភិវឌ្ឍជាតិ។
លោកបានបន្ដថា ជំនួសមុខឲ្យព្រះសង្ឃ គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជារាស្រ្តក្នុងខេត្តសៀមរាបទាំងអស់ សូមលំឱនកាយលើកហត្ថបួងសួងដល់ដូង ព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ សូមគង់ព្រះថាប់នៅក្នុងព្រះបរមសុគតិភពគ្រប់ៗ ព្រះជាតិ ជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ www.dap-news.com






















No comments:

Post a Comment