Thursday, December 19, 2013

ដាក់ចេញផែនការ យុទ្ធសាស្រ្តជាតិចំនួន ៧ ដើម្បីលើកកម្ពស់ ស្ថានភាពជនពិការ

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ
ភ្នំពេញ៖ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាពចំនួន ៧ចំណុច  សម្រាប់អនុវត្តន៍រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការនៅ កម្ពុជា។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យជនពិការមានជីវភាពល្អប្រសើរ និងអាចចូលរួម ចំណែកយ៉ាងសកម្មនៅក្នុងសង្គម។
ផែនការយុទ្ធសាស្រ្តទាំង ៧ចំណុច ឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារអូស្ត្រាលី ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (AUSAID) ដែល ត្រូវបានគេបង្ហាញក្នុងពិធីបើកសិក្ខាសាលា «ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងលើកទី១ ផែនការយុទ្ធ សាស្រ្តជាតិស្តីអំពីពិការភាព២០១៤-២០១៨» នៅសណ្ឋាគារអាំងទ័រកុងទីណង់តាល់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩  ខែធ្នូ ឆ្នាំ២០១៣ រួមមាន៖ កាត់បន្ថយការរើសអើង និងការរំលោភបំពានលើជនពិការ, កែលម្អលទ្ធភាពអាចប្រើ ប្រាស់បាន រួមទាំងបរិស្ថានរូបវ័ន្ត និងសង្គមសម្រាប់ ជនពិការ, បន្តលើកកម្ពស់ជីវភាពរបស់ជនពិការឲ្យមានភាព ល្អប្រសើរឡើង តាមរយៈការកាត់បន្ថយភាពក្រីក្រ និង បង្កើនប្រាក់ចំណូល, បន្តអនុវត្តច្បាប់ ដែលមានស្រាប់ និង បង្កើតលិខិតបទដ្ឋានគតិយុត្តចាំបាច់នានា, បង្កើត និងពង្រឹងប្រព័ន្ធកិច្ចការពារសង្គម និងការផ្តល់សេវាសាធារណៈ ជូនជនពិការ រួមទាំងស្រ្តី និងកុមារពិការ, កំណែទម្រង់ និងជំរុញដំណើរការគ្រប់គ្រង ការអនុវត្តន៍ក្នុងវិស័យពិការភាព ហើយចំណុចចុងក្រោយនោះ គឺការចងក្រងបណ្តាញ និងកិច្ចសហប្រតិបត្តិការនៅក្នុងកម្រិតជាតិ-អន្តរជាតិ  និង ឈានទៅពង្រីកក្នុងកម្រិតក្រោមជាតិ។
បើតាមរបាយការណ៍ ក៏បានបង្ហាញផងដែរថា ផែនការយុទ្ធសាស្រ្តជាតិនេះ មានបេសកកម្មលើកកម្ពស់សង្គម  ដែលមានការដាក់បញ្ចូលសម្រាប់ជនពិការ និងជនមិនពិការ, ពង្រឹងសមត្ថភាពជនពិការ ដើម្បីឲ្យមានឯករាជ្យភាព  និងចូលរួមចំណែកនៅក្នុងសហគមន៍ និងសង្គមរបស់ពួកគេ, អភិវឌ្ឍន៍ និងកែសម្រួលនូវលិខិតបទដ្ឋាននានា សេ វាកម្ម និងយន្តការគ្រប់គ្រងរបស់រដ្ឋាភិបាល និងអ្នកផ្តល់សេវា ព្រមទាំងកសាងបណ្តាញ និងកិច្ចសហប្រតិបត្តិការ  នៅគ្រប់វិស័យ និងគ្រប់កម្រិតរបស់ភាគីពាក់ព័ន្ធ។
ផែនការយុទ្ធសាស្ត្រជាតិរយៈពេល៥ឆ្នាំនេះ មានគោលដៅ ជួយឲ្យជនពិការ អាចរស់នៅដោយរីករាយក្នុងសង្គម  និងសហគមន៍, ជួយឲ្យជនពិការមានក្រុម និងអង្គការរបស់ខ្លួនឯង ចា់ពីថ្នាក់ជាតិ រហូតដល់សហគមន៍ និងអាច ចូលរួមចំណែកនៅក្នុងសង្គម។
ផែនការយុទ្ធសាស្រ្តនេះ ក៏នឹងជួយឲ្យរាជរដ្ឋាភិបាល និងអ្នកផ្តល់សេវា បង្កើត និងធ្វើឲ្យប្រសើរឡើងនូវលិខិតបទ  ដ្ឋាននានា សេវាកម្ម និងយន្តការគ្រប់គ្រង ដើម្បីធានាបាននូវប្រព័ន្ធគាំទ្រ សម្រាប់ធ្វើឲ្យជីវិតជនពិការនៅកម្ពុជា មានភាពប្រសើរឡើង។ មិនតែប៉ុណ្ណោះ នឹងជួយឲ្យកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងចំណោមភាគី  ពាក់ព័ន្ធផ្សេងៗ រួមទាំងស្ថាប័នរបស់រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល អង្គការជនពិការ សង្គមស៊ីវិល និងសហ គមន៍ ត្រូវបានពង្រឹង និងមានទំនាក់ទំនងល្អ។
បើតាមរបាយការណ៍ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព កម្រស់ជាង១០ទំព័រ ចែកជូនដល់សិក្ខាកាម និង  គណៈអធិបតីក្នុងពិធីនាព្រឹកមិញនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងការរំពឹងទុកថា ផែនការយុទ្ធសា  ស្រ្តនេះ នឹងធ្វើឲ្យជនពិការនៅក្នុងប្រទេសកម្ពុជា មានជីវភាពល្អប្រសើរ និងអាចចូលរួមចំណែកយ៉ាងសកម្មក្នុង  សង្គម។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក  វង សូត បានថ្លែងក្នុងឱកាសបើកសិក្ខាសាលាស្តីពី «ពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងលើកទី១ ផែនការ យុទ្ធសាស្រ្តជាតិស្តីអំពីពិការភាព២០១៤-២០១៨» ថា សិក្ខាកាម ដែលចូលរួមក្នុងសិក្ខាសាលានាព្រឹកមិញនេះ  នឹងពិភាក្សាលំអិតលើសេចក្តីព្រាង លើកទី១ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ ផ្អែក តាមទិន្នន័យ និងលទ្ធផល ដែលទទួល បានពីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់។ លទ្ធផល នៃសេចក្តីព្រាង លើកទី១នេះ ក៏ចេញមកពីការចុះប្រ មូលព័ត៌មានដោយផ្ទាល់ជាមួយអង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធជាច្រើន  ពិសេស គឺជនពិការដោយផ្ទាល់ ដើម្បីធ្វើយ៉ាងណាឲ្យផែនការយុទ្ធសាស្រ្តជាតិ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង  អាចអនុវត្តបានស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
លោក វង សូត បន្តថា បន្ទាប់ពីបញ្ចប់សិក្ខាសាលា ក្រុមប្រឹក្សាសកម្មភាពជនពិការ នឹងរៀបចំសេចក្តីព្រាងផែនការ  ជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ដើម្បីដាក់ឆ្លងជូនទៅរាជរដ្ឋាភិបាល នាពេលដ៏ខ្លីខាងមុខ។
លោក វង សូត បានបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិនេះ គឺបង្ហាញពីឆន្ទៈ និងការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា។ ជាពិសេសការខិតខំជំរុញ និងបន្តអនុវត្តគោលនយោ  បាយជាតិ ចំពោះជនពិការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនពិការ។
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានមានប្រសាសន៍ដែរថា សិក្ខាសាលានេះ មានសារសំខាន់សម្រាប់ជនពិការ   នៅក្នុងប្រទេសកម្ពុជា ជាពិសេសជនពិការ ដែលទទួលរងផលលំបាកជាច្រើន រួមមាន គ្រាប់មីន និងកាកសំណល់ ជាតិផ្ទុះ សល់ពីសង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ និងកត្កាការងារផ្សេងៗទៀត។
ឧបនាយករដ្ឋមន្រ្តី បានបន្តថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព គឺជាមូលដ្ឋានគ្រឹះ និងជាឆ្អឹងខ្នង ដ៏សំខាន់  ដែលមិនអាចខ្វះបាន ក្នុងការជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្ពស់ដល់សុខមាភាពរបស់  ជនពិការ តាមរយៈការផ្តល់កម្មសិទ្ធិដីធ្លី និងការកសាងលំនៅដ្ឋានជូនជនពិការ។ ការផ្តល់សេវាស្តាលទ្ធភាពពល កម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព អប់រំ និងការព្យាបាល ការស្តា រលទ្ធភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ។
ជាពិសេសនោះ គឺជនពិការ គ ថ្លង់ ភ្នែក ត្រូវបានអភិវឌ្ឍន៍ផងដែរ ដូចជា អក្សរស្ទាប ភាសាសញ្ញា សម្រាប់ជនពិ  ការ ភ្នែក គ ថ្លង់ ដែលត្រូវបានដាក់បញ្ចូលនៅក្នុងការសិក្សា អប់រំ បញ្ចូលក្នុង ប្រព័ន្ធព័ត៌មាន និងតាមរយៈប្រព័ន្ធ  ផ្សព្វផ្សាយនានា ដើម្បីបម្រើជូនជនពិការ។
លោកឧបានយករដ្ឋមន្រ្តី ទៀ បាញ់ ក៏បានសម្តែងការកោតសរសើរ ចំពោះក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង  សង្គមកិច្ច អតីតយុត្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ មូលនិធិជនពិការ អង្គការមិនមែនរដ្ឋាភិបាល  ជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានចូលរួមសហការអនុវត្តន៍ផែនការសកម្មភាពជាតិស្តីពីជនពិការ។
លោករដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ AUSAID ដែលបានផ្តល់ការគាំទ្រទាំង ជំនួយបច្ចេកទេស និងថវិកា ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីរៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការ  ភាពឆ្នាំ២០១៤-២០១៨។ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ គណៈកម្មាធិការអង្គការសហប្រជាជាតិ  ផ្នែកសេដ្ឋកិច្ច និង សង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក មជ្ឈមណ្ឌលអភិវឌ្ឍពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ី ហ្វិក អង្គការយូនី សេហ្វ និងអង្គការមិនមេនរដ្ឋាភិបាលជាច្រើនទៀត ដែលបានជួយឧបត្ថម្ភគាំទ្រដល់វិស័យពិការ ភាពកម្ពុជា ដែលជាកាយវិការប្រកបដោយសុឆន្ទៈយ៉ាងមុះមុត និងប្រកបដោយមនុស្សធម៌ក្នុងការលើកស្ទួយសុខុ  មាលភាពជនពិការនៅកម្ពុជា៕


លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា

ប្រភពដើម៖ គេហទំព័រដើមអំពិល

No comments:

Post a Comment