ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានថ្លែងអះអាង នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ថា រហូតមកទល់ពេល បច្ចុប្បន្ននេះ គ្មានភូមិខ្មែរ ណាមួយ បានបាត់បង់ ដោយ ចូលទៅក្នុងទឹកដីវៀតណាម ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ យ៉ាងដូច្នេះ នៅក្នុងឱកាសដ៏កម្រមួយ ដែល សម្តេចបានចូលរួមបក ស្រាយករណី ព្រំដែន កម្ពុជា-វៀតណាម នាវិមានរដ្ឋសភាថា រហូតមកដល់ពេលនេះ គ្មានភូមិខ្មែរណាមួយត្រូវបាន បាត់បង់នោះទេ ហើយអ្នកបច្ចេកទេសវាស់វែងព្រំដែនកម្ពុជា ទាំង៧ក្រុម មិនបានធ្វើតាម អ្នក ណា បញ្ជា ដូចជា ការលើកឡើងរបស់មនុស្សមួយចំនួន ដែលបានចោទប្រកាន់មក លើ រដ្ឋាភិបាល ថា ជាអ្នកក្បត់ជាតិ អាយ៉ងយួន។ ប្រសិនបើពុំដូច្នេះទេ កិច្ចការងារ ដែលនៅសេសសល់រវាងកម្ពុជា-វៀតណាម នឹងបញ្ចប់ជាយូរមកហើយ មិនចាំ បាច់ទ្រាំទ្រវេទនាបែបនេះទេ។
សម្តេចតេជោបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា បើសិនជាធ្វើអាយ៉ងគេអត់ពិបាកទេ គេឲ្យបោះត្រង់ណា គឺបោះត្រង់ នោះ ហើយឲ្យវាឆាប់ចប់ ប៉ុន្តែដោយសារចរិតជាម្ចាស់ប្រទេសបានជាកូនខ្មែរ ត្រូវ តែធ្វើកិច្ចការងារនេះ។ ខ្ញុំគិតថា អស់លោក គួរឲ្យតម្លៃប្រជាជនខ្លះផង ការផ្តល់អាសនៈ ឲ្យ គណបក្សប្រជាជនកម្ពុជា ចំនួនជាង ៩០អាសនៈ ពុំមែនជាការលេងសើចទេ»។
ប្រសិនបើអ្នករស់នៅតាមតំបន់ព្រំដែន បាត់បង់ដីធ្លីពិតប្រាកដមែន ពួកគេពិតជាមិនសុខចិត្តទេ ហើយអ្នករស់នៅ តាមព្រំដែនថៃ អាចសួរមកអ្នករស់នៅព្រំដែនវៀតណាម ដែលភាគីរស់នៅ តាមព្រំដែន ទាំងពីរ អាចសួរគ្នាទៅ វិញទៅមកបាន។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា «នេះគឺជាលើកទី៣ហើយ ដែលឯកឧត្តម សុន ឆ័យ បានលើក សំណួរដដែលនេះ មកសួររាជរដ្ឋាភិបាល ឯកឧត្តមនៅតែពុំយល់ ឬធ្វើជាពុំយល់អំពីអ្វីដែលរាជរដ្ឋាភិ បាលបាននឹងកំពុងធ្វើប្រហែល ជាឯកឧត្តមគិត ដូចប្រធានរបស់ឯកឧត្តម ដែលថា សម្ភារៈវាស់វែង របស់ក្រុមបច្ចេកទេសព្រំដែន គឺជាល្បែងលេង ដូចលក់នៅតាមដងផ្លូវ»។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងពីជម្រើស២យ៉ាង ដែលមិនអាចទទួលយក បានក្នុងការ កំណត់ភូមិ ជាប់ព្រំដែន ដោយជម្រើសទី១ គឺយកតាមផែនទីទាំងស្រុង បើផែនទីកាត់ភូមិខ្មែរណា ចូលទៅក្នុងទឹកដីវៀតណាម គឺកាត់ទៅឲ្យវៀតណាម តែបើខ្សែផែនទីកាត់ភូមិវៀតណាម ណាចូលទឹកដីខ្មែរ គឺកាត់ឲ្យខ្មែរតែម្តង ហើយប្រជាពលរដ្ឋត្រូវប្តូរសញ្ជាតិ។ ជម្រើសទី២ បើភូមិខ្មែរ ត្រូវចូលទៅក្នុងទឹកដីវៀតណាម គឺត្រូវរើចេញ ហើយបើភូមិវៀតណាមតាមផែនទីចូលទឹកដីខ្មែរ គឺត្រូវរើចេញ ដូច្នេះជម្រើសទាំងពីរនេះ មិនអាចធ្វើបានឡើយ។ ដោយឡែក ជម្រើសទី៣ ដែលភាគី ទាំងពីរ បានឯកភាព និងក្រុមការងារអនុវត្តបច្ចុប្បន្ន យោងទៅតាមអនុស្សារណៈកាល ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ បន្តរក្សាស្ថានភាពនៅដដែល ស្តីពីការគ្រប់គ្រងរបស់ប្រជាពលរដ្ឋទៅលើផ្ទៃដី ស្រែចំការរបស់ពួកគាត់ ហើយបើដីវៀតណាមចូលដីខ្មែរ គឺត្រូវដោះដូរយកផ្ទៃដីណាដែលទំនេរ តែបើនៅក្នុង ខេត្តនោះគ្មានផ្ទៃដីទំនេរសម្រាប់ធ្វើការដោះដូរ ត្រូវទៅយកនៅខេត្តផ្សេង ទៀត ដើម្បីការដោះដូរ។
ចំពោះការងារនេះ សម្តេចតេជោ បានបញ្ជាក់ថា ប្រទេសផ្សេងទៀត ក៏បាននឹងកំពុងធ្វើដូចគ្នា ដូចជា វៀតណាម ជាមួយឡាវ, វៀតណាមជាមួយចិន, បារាំងជាមួយបែលហ្ស៊ិក និងបែលហ្ស៊ិក ជាមួយ ហូឡង់ ជាដើម។ ចំពោះការ ធ្វើបែបនេះ ពុំមានការខាតបង់ទេ។
សម្តេចតេជោ បានបង្ហាញតួលេខទាំងការឯកភាពរួចជាមួយវៀតណាម និងការវាស់ឯកតោភាគី នៃផ្ទៃដីដែល កម្ពុជាចូលទៅវៀតណាម និងផ្ទៃដីវៀតណាមចូលមកកម្ពុជា តាមបណ្តាខេត្តនៅជាប់ ព្រំដែន គឺដីកម្ពុជា ចូល វៀតណាម ចំនួន ៩១៦,៧ ហិកតា រីឯដីវៀតណាម ចូលមកកម្ពុជា ២.១៦០,៦ហិកតា ដូច្នេះដីវៀតណាម ចូលមក កម្ពុជាសរុបចំនួន ១.២៤៣,៦ហិកតា។
ក្នុងនោះ ខេត្តដែលជាទឹកដីវៀតណាម ចូលមកកម្ពុជាច្រើនជាងដី កម្ពុជា ចូលទៅវៀតណាម រួមមាន ខេត្តកំពង់ចាម ស្វាយរៀង និង កំពត។ ដោយឡែកដីកម្ពុជា ចូលទៅវៀត ណាម ច្រើនជាង ដីវៀតណាមចូលមកកម្ពុជា មានខេត្តព្រៃវែង ដែលមានដីចូលទៅវៀតណាម ៥៤,៥ហិកតា ហើយដីវៀតណាមចូលមកកម្ពុជា មានចំនួន ៣០,០៩ហិកតា។ រីឯខេត្តតាកែវដីកម្ពុជា ចូលវៀតណាម ១៥៩,១ ហិកតា រីឯដីវៀតណាមចូលកម្ពុជា ១៥១,៧ហិកតា៕

No comments:
Post a Comment