Thursday, August 9, 2012

ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបញ្ជាក់ថា គ្មានការអន្តរាគមន៍ ណាមួយ ចំពោះទណ្ឌិត សម រង្ស៊ីទេ

ភ្នំពេញ៖ ជាថ្មីម្តងទៀតប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា គ្មានឡើយកិច្ចអន្តរាគមន៍ណា មួយពី បរទេសចំពោះ ករណីប្រធានគណបក្ស សម រង្ស៊ី គឺលោកសម រង្ស៊ី ក្នុងការឲ្យ លោកវិលត្រឡប់ ចូលស្រុក វិញ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្នុងការ ស្រាយបំភ្លឺបញ្ហា បោះបង្គោល ព្រំដែន រវាង កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ នាវិមានរដ្ឋសភាថា ទណ្ឌិត សម រង្ស៊ី ដាច់ខាតមិនមានអន្តរាគមន៍ណាមួយនោះទេ។ «ចឹងថ្ងៃក្រោយបណ្ដោយឲ្យនរណាគេ ដកបង្គោល ទល់ដែនតាមចិត្ត…….មិនអាចទេ»។
ការបញ្ជាក់យ៉ាងដូច្នេះ របស់ប្រមុខរាជរដ្ឋាភិបាលខាងលើនេះ គឺឆ្លើយតបនឹង ការ ប្រកាសក្តែងៗ របស់លោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី និងសមាជិករបស់ខ្លួននាពេលកន្លងមកថា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ អាចដាក់គំនាបមកលើរាជរដ្ឋាភិបាល ដើម្បីអន្តរាគមន៍ ឲ្យលោក សម រង្ស៊ី អាចវិលចូលប្រទេសកម្ពុជាវិញបាន មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នាឆ្នាំ២០១៣ខាងមុខ។
ជាក់ស្តែង ប្រធានគណបក្សសម រង្ស៊ី គឺលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ នៅគ្រាដែលលោក បានជួបជាមួយសកម្មជនរបស់ខ្លួន មកពីតាមបណ្តាខេត្តនានា ប្រមាណជា៤០០នាក់ តាមរយៈ Video Conference (វីដេអូខុនហ្វឺរ៉េន) នៅទីស្នាក់កណ្តាល គណបក្សសិទ្ធិមនុស្ស លោក សម រង្ស៊ី បានប្រកាសយ៉ាងខ្លាំងៗថា រូបលោក នឹងជួបជាមួយ មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក តំណាងជាន់ ខ្ពស់អង្គការ សហប្រជាជាតិ សហភាពអឺរ៉ុប កាណាដា និងប្រទេសអូស្ត្រាលី ដើម្បីឲ្យក្រុមប្រទេសទាំងនោះ ដាក់គំនាប មកលើរាជរដ្ឋាភិបាលកម្ពុជា ឲ្យលោកបានវិលចូលប្រទេសកម្ពុជាវិញ។ លោក សម រង្ស៊ី បានបញ្ជាក់ នៅគ្រា នោះថា «រូបលោកជាប្រធានគណបក្សប្រឆាំង និងជាបេក្ខជនប្រកួតប្រជែងធ្វើនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោត នាឆ្នាំ២០១៣ខាងមុខ ដូច្នេះលោកត្រូវតែមានសិទ្ធិចូលរួមបោះឆ្នោត»។
មន្រ្ដីរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសថា សហរដ្ឋអាមេរិក ឬសហគមន៍អន្តរជាតិមិន អាចដាក់ គំនាបមក លើរាជរដ្ឋាភិបាលកម្ពុជាបានទេ ដោយសារកម្ពុជាជាប្រទេសឯករាជ្យ មានអធិបតេយ្យភាព និងជាប្រទេស ប្រកាន់របបប្រជាធិបតេយ្យសេរី ពហុបក្ស ដោយការ បោះឆ្នោតម្តងៗមានគណបក្សច្រើនចូលរួមប្រកួតប្រជែង។
គួររម្លឹកថា លោក សម រង្ស៊ី កំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច បន្ទាប់ពីតុលាការកម្ពុជា សម្រេចផ្តន្ទាទោសរូបលោកដាក់ពន្ធនាគារសរុប ១៤ឆ្នាំ ពីបទចោទប្រកាន់ជាច្រើនទាក់ទងនឹងដក តម្រុយបង្គោលព្រំដែន ការបង្ហាញផែនទីក្លែងក្លាយ និងបទបរិហារកេរ្តិ៍៕

No comments:

Post a Comment