Thursday, August 9, 2012

សម្តេច ហ៊ុន សែន នឹងផ្តល់ ប្រាក់រង្វាន់ ចំពោះជនណា ដែលផ្ដល់ព័ត៌មាន អំពីអ្នកធ្វើ លិខិតក្លែងក្លាយ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ថ្លែងជាសាធារណៈថា ជនណា ដែលចូលរួម ធ្វើលិខិតក្លែងក្លាយ ហើយចូល មកសារភាព និងបង្ហាញភស្តុតាងនោះ សម្តេច នឹងផ្តល់ប្រាក់ រង្វាន់ចំនួន ៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជនក្លែង ឯកសារទាំងនោះ យកមកផ្តន្ទាទោស ដែល មិន អាចអត់ឱន ឲ្យបានចំពោះការ ដក តម្រុយ បង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ។
ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋសភា  នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ស្តីពីការស្រាយបំភ្លឺ ចំពោះ ការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា បានបង្ហាញពីលិខិតក្លែងក្លាយចំនួន៣ ដែលត្រូវជនអគតិក្លែងបន្លំ បំប៉ោងសភាពការណ៍គឺ ទី១.លិខិតរបស់សម្ដេច តេជោផ្ញើជូនជនរួមជាតិ។
 លិខិតទី២. គឺលិខិតមរណភាព របស់សម្ដេចមហាធម្មពោធិសាល ជា ស៊ីម ប្រមុខរដ្ឋស្ដីទី និងលិខិតទី៣.លិខិតរបស់សម្ដេចពញាចក្រី ហេង សំរិន ផ្ញើជូនសម្ដេចតេជោ ដែលលិខិត ទាំង៣នោះ ត្រូវបានសម្ដេចតេជោលើកឡើងថា ជាការប្រឌិតរបស់ក្រុមជន អគតិទាំងស្រុង។
សម្តេចបានបន្តថា “ខ្ញុំសូមអំពាវនាវឲ្យអ្នកដែលធ្វើលិខិតនោះ ចូលមកសារភាព និងបង្ហាញភស្តុតាង ហើយសម្តេចនឹងផ្តល់ ៥ម៉ឺនដុល្លារ ដើម្បីស្វែងរកជនក្លែង ទាំងនេះ យកមក ផ្តន្ទាទោស ដែលមិន អាចអត់ឱនឲ្យបាន ចំពោះការដកតម្រុយបង្គោលព្រំដែន និងការក្លែងលិខិតសារធារណៈ”។
សម្តេចបានបញ្ជាក់ទៀតថា ជនអគតិមួយចំនួន ដែលបានក្លែងលិខិតថា សម្តេច ជា ស៊ីម ស្លាប់ រួមទាំងលិខិតរបស់ សម្តេចផ្ទាល់ និងលិខិតរបស់សម្តេច ហេង សំរិន ដែលផ្ញើជូនសម្តេចតេជោ ដូច្នេះជនអគតិទាំងនេះ ហ៊ានក្លែងលិខិតសាធារណៈ តើពួកគេមិនហ៊ានក្លែង និងឃោសនានៃការបាត់បង់ទឹកដីទេឬ?
ដូច្នេះសូមជនរួមជាតិទាំងអស់ ត្រូវមានវិនិច្ឆ័យឲ្យបានខ្ពស់ ដោយសម្តេចបានចាត់ទុកក្រុមអគតិ ទាំងនេះ ជាក្រុមតែមួយ ជាក្រុមដដែល នៅសាខាខុសគ្នា៕

No comments:

Post a Comment