Wednesday, July 30, 2014
ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ក្នុងពិធីសម្ពោធស្ពាន អាកាសស្ទឹងមានជ័យ
ដោយ៖ សយ សុភាព-ស៊ន សុភក្រ្ត
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសូមការភ័យទោស និង យោគ យល់ ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ ដោយសារដំណើរការសាងសង់ស្ពានអាកាសរយៈពេល ២ឆ្នាំ កន្លងមកនេះ។ សម្តេចបញ្ជាក់ថា ឲ្យតែមានការកសាងសង់ តែងតែមានការលំបាក ដូចជាការបិទចរាចរណ៍ រថ យន្តដឹកដីហ៊ុយចូលផ្ទះប្រជាពលរដ្ឋ ការសាងសង់ធ្វើទាំងយប់ទាំងថ្ងៃ រំខានដំណេករបស់ប្រជាពលរដ្ឋ សម្តេចក៏ សូមថ្លែងអំណរគុណចំពោះការយោគយល់របស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅជុំវិញបរិវេណការដ្ឋានសាងសង់ ស្ពានអាកាស។ សម្តេចតេជោ ក៏អរគុណផងដែរ ចំពោះក្រុមហ៊ុនវិនិយោគសាងសង់ស្ពានអាកាស OCIC ដែលខិត ខំសាងសង់បានឆាប់រហ័ស។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះស្នាដៃស្ថាប័ត្យករខ្មែរ ដែលបានសម្រេចសមិទ្ធផលល្អៗ ជាច្រើន ដូចជាស្ពានអាកាស ក៏ដូចជាវិមានសន្តិភាព។ សម្តេចបានបញ្ជាក់ថា រាល់ពេលមានកិច្ចប្រជុំ ឬជាមួយភ្ញៀវបរទេស សម្តេចតែងបញ្ជាក់ទៅសមាសភាគីជំនួបបរទេសនោះថា វិមានសន្តិភាព ត្រូវបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរ។ សម្តេចបន្តថា វិមានសន្តិភាព គ្មានបាតដៃ របស់បរទេសនោះទេ។
- សម្តេចនាយករដ្ឋមន្រ្តី ក៏បានពីប្រវត្តិជូរចត់ នៃអតីតកាលផងដែរថា រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះចេញពីរបប ប៉ុល ពត ស្ងាត់ជ្រងុំដូចជាទីក្រុងខ្មោច។ សម្តេច បានរំលឹករាល់ពេលជួបជាមួយមិត្តភក្តិបរទេសថា «ទីក្រុងភ្នំពេញ ជាទីក្រុងខ្មោច ក្លាចជាងនៅក្នុងព្រៃទៅទៀត»។
-សម្តេចតេជោ បានរំលឹកពីការនិរាសព្រាត់ប្រាស់របស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុងពេលសង្រ្គាម ជាក់ស្តែងរូបសម្តេច ត្រូវបង្ខំចិត្តបែកពីភរិយា និងកូន នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីចេញតស៊ូរំដោះប្រទេសជាតិ។ សម្តេចបានវិលជួបភរិយា និងកូន ដែលមិនស្គាល់ឪពុកពិការនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩។
- សម្តេចនាយករដ្ឋមន្រ្តី បានរំលឹកថា រាជធានីភ្នំពេញ កាលដើមឡើយ មួយល្ងាចគ្មានរថយន្តបើកកាត់មួយនោះទេ មានតែកង់ធាក់ឡឹកៗ ហើយកាលនោះ បើមានរថយន្តវ៉ុលកា ជិះ ស្មើរថយន្តរូលរ៉យ នាពេលបច្ចុប្បន្ន មានរថយន្ត ម៉ាកាជិះស្មើម៉ាកសឺដេស អាម៉ាកូវិច ជិះស្មើអាបេអឹម។ តែសម្តេចអត់ដឹង អត់ស្គាល់រថយន្តម៉ាកអីនោះទេ ដឹងតែគេ ជូនដល់កន្លែងធ្វើការ ហើយមកវិញជាការស្រេច។ សម្តេចបន្តថា រាជធានីភ្នំពេញបច្ចុប្បន្នមានរថយន្ត ៣០ម៉ឺនគ្រឿង ម៉ូតូ ១លានគ្រឿង ប្រជាពលរដ្ឋរស់នៅ ១លាន ៣សែន ៨ម៉ឺននាក់ អ្នកឆ្លងកាត់ប្រមាណជា ២លាននាក់។ ផ្ទៃរាជធានីពីមុន មានត្រឹម ៣០០គីឡូម៉ែត្រការ៉េ តែបច្ចុប្បន្នមាន ៧០០គីឡូម៉ែត្រការ៉េ និងមានបុរី ចំនួន ៧៤។
- សម្តេចបានបន្តថា ដោយការកំណើនរថយន្ត និងការធ្វើចរាចរណ៍ បណ្តាលឲ្យមានគ្រោះថ្នាក់កាន់តែច្រើន អ្នកបំ ពានច្បាប់ចរាចរណ៍កាន់តែច្រើន ហើយការបើកបរបំពានក្រោមឥទ្ធិពលជាតិស្រវឹង ទោះបីមានការអំពាវនាវយ៉ាង ណាក៏ដោយ ក៏ប្រសិទ្ធភាពនៅមានកម្រិតទាបនៅឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ភាគ ច្រើនឡើងនៅពេលយប់ ដោយសារជាតិស្រវឹង សម្តេចអំពាវនាវឲ្យអ្នកធ្វើដំណើរគោរពជីវិតខ្លួនឯង និងអ្នកដទៃ។
- នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ សែន ដោយមើលឃើញពីសេវារថយន្តក្រុងមិនសូវដំណើរការល្អ សម្តេចបានដាក់ចេញផែនការម៉ឺងម៉ាត់ និងស្នើអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស មុនចូលនិវត្តន៍ ត្រូវតែធ្វើរឿងនេះឲ្យបានជោគជ័យ។ សម្តេចសង្កត់ធ្ងន់ថា «ធ្វើរឿងហ្នឹងឲ្យបានសម្រេច រឿងហ្នឹងមិនធ្វើឲ្យរលាយប្រទេសកម្ពុជានោះទេ»។ ជាង ៤០គ្រឿង បើក្រុមហ៊ុនណាមួយមកហើយទៅវិញ មកហើយទៅវិញ មិនជោគជ័យ ចឹងត្រូវបង្កើតរដ្ឋាករដឹកជញ្ជូនរបស់ រដ្ឋ រាល់ការបង់ពន្ធអាករជាបន្ទុករបស់រដ្ឋ។ តែសម្តេច ក៏បានព្រមានទុកជាមុនផងដែរថា បន្ទុកពន្ធអាកររបស់រដ្ឋ មានតែរថយន្តបម្រើសេវាដឹកអ្នកដំណើរទេ តិចទៅច្រឡំរថយន្តម៉ាកសឺដេស...។
- សម្តេចតេជោ បន្តថា ត្រូវតែធ្វើរឿងសេវាដឹកជញ្ជូននេះឲ្យបានសម្រេច ហើយការដឹកជញ្ជូនព្រះសង្ឃ ជនពិការ និងសិស្សសាលាតូចៗនៅតាមគោលដៅរថយន្តក្រុងមិនត្រូវយកលុយនោះទេ។ សម្តេចបានបញ្ជាក់ថា ការមិនយក លុយនេះ នឹងជួយកាត់បន្ថយការធ្វើដំណើរតាមម៉ូតូរបស់អាណាព្យាបាល ដែលដឹកជញ្ជូនកូនៗទៅសាលាផងដែរ។
- សម្តេចតេជោ បានបន្តថា ស្ពានឆ្លងកាត់ទន្លេនៅក្នុងតាខ្មៅ នឹងសាងសង់ហើយក្នុងពេលឆាប់ៗខាងមុខ ដែលនឹង ជួយកាត់បន្ថយការធ្វើដំណើរឆ្លងកាត់របស់រថយន្តធំៗនៅក្នុងក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍។ សម្តេចតេជោ ក៏បានឯកភាពសំណើរបស់អភិបាលរាជធានីភ្នំពេញ ក្នុងការបង្កើតបង់ និងកន្លែងកម្សាននៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋបានទៅអង្គុយកម្សាន្ត។
- សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ក្រោយបើកសម្ពោធដាក់ឲ្យដំណើរការស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាសនៅស្តុបសាលាតិចណូ ដែលជាស្ពានអាកាសទី៤ នឹងចាប់ផ្តើមដំណើរការសាងសង់ ក្រោមទំហំទឹក ប្រាក់ ១៤លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន OCIC ដដែល។ ស្ពានអាកាសសាលាតិចណូនេះ ក៏មាន ផ្លូវក្រោមដីផងដែរ។
- សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា នៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន អគារ ដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ៣៨៦អគារ។ សម្តេចតេជោ ក៏បានបង្ហើប្រយោគលេងសើចជាមួយប្រជាពលរដ្ឋ ដែលចូលរួមថា កុំឲ្យមានការបន្ទោសសម្តេចថា ដោយសារការធ្វើផ្លូវល្អ ទើបមានគ្រោះថ្នាក់ចរាចរច្រើន។ សម្តេច បានលើកជាឧទាហរណ៍ថា មានប្រជាពលរដ្ឋនៅក្រាំងយ៉ូវ បានរត់សុំសម្តេចចេញថ្លៃជ្រូក ដែលរថយន្តដឹកស្រូវបុកងាប់ ហើយក៏មានការលើកឡើងរបស់ប្រជាពលរដ្ឋថា ដោយសារសម្តេចធ្វើផ្លូវល្អ ទើបមានគ្រោះថ្នាក់ចរាចរ។
- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គ និងទន្លេសាបឲ្យ ប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងចាប់ផ្តើមកើតមាននារដូវវស្សានេះ។ សម្តេចបានមានប្រសាសន៍ឲ្យដឹងថា ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៣១ ខែកក្កដា នេះ មានកម្ពស់ ១០ម៉ែត្រ ខណៈកម្ពស់ទឹកប្រកាសអាសន្ន១០,៧០ម៉ែត្រ នៅថ្ងៃស្អែកកម្ពស់ទឹកកើនដល់ ១០,៦៥ម៉ែត្រ ហើយថ្ងៃទី២ ខែសីហា កម្ពស់ទឹកកើនដល់ ១០,៨៥ម៉ែត្រ។ ដោយឡេកខេត្តក្រចេះ កម្ពស់ទឹកប្រកាសអាសន្ន ២២ម៉ែត្រ ហើយនៅថ្ងៃទី២ ខែសីហា ទឹកកើនដល់កម្ពស់ ២១,៩៥ ម៉ែត្រ គឺជិតដល់កម្រិតប្រកាសអាសន្ន។ សម្តេចតេជោ បានបន្តថា កម្ពស់ទឹកជំនន់កើនឡើងដល់កម្រិត ប្រកាសអាសន្នទាំងអស់ ដូច្នេះអាជ្ញាធរ សមត្ថកិច្ចទាំងអស់ ត្រូវចុះជួយអន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋរកទី ទួលសុវត្ថិភាព។
- សម្តេចតេជោ ក៏បានអំពាវនាវឲ្យមានការតាមដានឲ្យបានជាប់ទៅលើការព្យាករណ៍អាកាសធាតុរបស់ឧតុនិយម ហើយត្រូវផ្សព្វផ្សាយឲ្យបានទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានា បូករួមទាំងតាមបណ្តាញសង្គមហ្វេសប៊ុក និងទ្វីតធ័រផងដែរ។ សម្តេចតេជោ ក៏មានប្រសាសន៍ឲ្យដឹងដែរថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរម នាថ នរោត្តម សីហមុនី និង ព្រះមហាក្សត្រិយ៍ តែងបានយកចិត្តទុកដាក់ខ្ពស់ទៅលើគ្រោះទឹកជំនន់ ហើយកាលពី ថ្ងៃម្សិលមិញ ព្រះករុណាទាំងពីរព្រះអង្គ បានយាងទៅចែកព្រះរាជអំណោយដល់ប្រជាពលរដ្ឋ នៅខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់សុន្ទរកថា របស់សម្តេចនៅវេលាម៉ោង ៩ និង ១០នាទី។ បន្ទាប់ពីបញ្ចប់សុន្ទរ កថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អមដោយមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញកាត់ខ្សែបូរ និង ត្រួតពិនិត្យមើលលើស្ពានអាកាស៕
ប្រភពដើមអំពិល
Labels:
National News
Subscribe to:
Post Comments (Atom)






No comments:
Post a Comment